(សេអ៊ូល)៖ ខណៈកិច្ចប្រជុំកំពូលត្រាំ-គីម ហាក់បញ្ចប់ទៅដោយភាពវិជ្ជមានយ៉ាងប្រសើរ ប្រមុខការទូតអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹង​​ធ្វើដំណើរ​មកកាន់​កូរ៉េខាងត្បូង ដើម្បីពាំនាំ​ខ្លឹមសារលម្អិត​ នៃដំណឹងដ៏ល្អនេះ​មកជូនសម្ព័ន្ធមិត្ត​របស់ខ្លួន​ដោយ​ផ្ទាល់។ នេះ​បើ​តាម​ការ​ដក​​ស្រង់​ការ​ផ្សាយចេញ​ពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

បើតាមសេចក្តី​ប្រកាសរបស់ក្រសួង​ការបរទេស​សេអ៊ូល រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក Mike Pompeo ត្រូវគេរំពឹងថា នឹងធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កូរ៉េខាងត្បូង នៅល្ងាច ឬយប់​ថ្ងៃពុធនេះ ដើម្បីជួបជាមួយ​រដ្ឋមន្រ្តីការបរទេស​កូរ៉េខាងត្បូង លោកស្រី កាង គ្យុងវ៉ា (Kang Kyung-wha)។ ​ប្រមុខ​ការទូត​នៃប្រទេស​ទាំងពីរ នឹងបើកកិច្ច​ប្រជុំទ្វេភាគីជាមួយគ្នា ព្រមទាំងកិច្ច​ប្រជុំ​ត្រីភាគី ដែលរួមមាន​សមភាគីជប៉ុន​មួយរូបទៀត នៅទីក្រុង​​​សេអ៊ូល​នាថ្ងៃព្រហស្បតិ៍ មុនពេលធ្វើ​សន្និសីទសារព័ត៌មាន​មួយរួម​គ្នា។

គួរជម្រាបថា បន្ទាប់ពីបានបើក​កិច្ចប្រជុំកំពូលលើក​ដំបូងបំផុត​ ជាមួយមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅសិង្ហបុរី ជាទីដែល​​ថ្នាក់​ដឹកនាំ​ទាំងពីរ បានចុះហត្ថលេខា​លើសេចក្តី​ថ្លែងការណ៍​រួម ស្តីពីការ​ព្រមព្រៀងគ្នា ដើម្បីរំសាយអាវុធ​នុយក្លេអ៊ែរ​ពី​ឧបទ្វីបកូរ៉េ ជាថ្នូរ​នឹងការ​ធានាសន្តិសុខ​ឲ្យ​​កូរ៉េខាងជើង ព្រមទាំងការ​បង្កើតទំនាក់ទំនង​ទ្វេភាគីថ្មី និងកសាងសន្តិភាព​យូរអង្វែងឋិត​ឋេរ​នៅតំបន់ឧបទ្វីប​កូរ៉េនោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹង​បញ្ជូន​លោក Pompeo មកកាន់​កូរ៉េខាងត្បូង ដើម្បីពន្យល់​បកស្រាយពីលទ្ធផល​ នៃកិច្ច​ប្រជុំ​កំពូល​កូរ៉េខាងជើង-អាមេរិក ដល់​ទីក្រុង​សេអ៊ូល៕