(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាពាណិជ្ជកម្ម​សេតវិមាន លោក ភីធើ ណាវ៉ារ៉ូ (Peter Navarro) បានសុំទោស​ហើយចំពោះការ​អត្ថាធិប្បាយ​មិនសមរម្យ ដាក់នាយករដ្ឋមន្ត្រី​កាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau)។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

លោក Navarro នៅក្នុងបទសម្ភាសន៍​​ជាមួយស្ថានីយ​​ទូរទស្សន៍ Fox News កាលពី​ថ្ងៃអាទិត្យ​សប្ដាហ៍មុន​បានរិះគន់ ​លោក ទ្រូដូ យ៉ាងចាស់ដៃ​ដោយនិយាយ​ថា វានឹងមាន​កន្លែងពិសេស​មួយ​នៅក្នុងឋាននរក​​ សម្រាប់​មេដឹកនាំ​បរទេស​ទាំង​ឡាយណា​ដែលបានចូលរួមក្នុង​​នយោបាយការទូត​​ មានបំណងមិនល្អ​​លើលោក​ប្រធានាធិបតី ត្រាំ ក៏ដូចជាលួច​ក្បត់​ចាក់រូបលោក​​ពីក្រោយ​​ខ្នង។

តែយ៉ាងនេះ​ក្ដី ថ្លែងប្រាប់​សារព័ត៌មាន Wall Street Journal នៅថ្ងៃអង្គារ​សប្ដាហ៍នេះ លោក ណាវ៉ារ៉ូ បានទទួលស្គាល់​កំហុស និង​សុំទោសលោក ទ្រូដូ។ ទីប្រឹក្សាពាណិជ្ជកម្ម​សេតវិមាន​រូបនេះ បានលើក​ឡើងយ៉ាងដូច្នេះថា «...បញ្ហាគឺនៅត្រង់​ការបញ្ជូនសារ​ដែលខ្ញុំ ប្រើប្រាស់​ភាសាមិនសមរម្យ ហើយខ្ញុំទទួលស្គាល់​ថា វាគឺជា​កំហុស និងពាក្យសម្ដី​របស់ខ្ញុំ»

គួរបញ្ជាក់ថា ការសូមទោស​របស់​លោក ភីធើ ណាវ៉ារ៉ូ កើតមានឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រី​កាណាដា លោក ចាស្ទីន ទ្រូដូ​ បានទាស់ពាក្យ​សម្ដីនឹងគ្នា​ជុំវិញកិច្ចប្រជុំ G7 ក្នុងប្រទេស​កាណាដានិងបញ្ហា​ពាណិជ្ជកម្ម ជាពិសេសគឺគោល​នយោបាយតម្លើង​ពន្ធ​នាំចូល​​ដែកថែប ២៥ភាគរយ និង​អាលុយមីញ៉ូម ១០ភាគរយ ពីបរទេស​ចូល​សហរដ្ឋអាមេរិក៕