(ប៉ារីស)៖ ការចាប់​ចំណាប់ខ្មាំង ដែលរួមមានទាំងស្រ្តីមានផ្ទៃពោះ​ម្នាក់ នៅក្នុងអគារមួយ​កន្លែងនៅលើផ្លូវ ពឺទីត អេគួរី (Petites-Ecuries) ក្នុងសង្កាត់លេខ ១០ នៃទីក្រុងប៉ារីស ប្រទេស​បារាំង​ដោយបុរស​ប្រដាប់​អាវុធម្នាក់ បានបញ្ចប់ហើយ​នៅមុនម៉ោង ០៨៖០០នាទី​​យប់​ថ្ងៃអង្គារ (ម៉ោងនៅ​ក្នុង​ទីក្រុងប៉ារីស) ដោយមិនមាន​ជនរងគ្រោះ​ណា​ម្នាក់ទេ។ នេះបើតាម​រដ្ឋមន្ត្រីមហាផ្ទៃ​បារាំង ​លោក ហ្គែរ៉ាដ កូលឡុមភ៍ (Gérard Collomb) ដកស្រង់​សារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

ជាមួយគ្នា​នោះ ថ្លែងនៅលើ Twitter លោក Gérard Collomb បានបញ្ជាក់​ទៀតថា បុរសជា​ជនសង្ស័យ​ម្នាក់អាយុ ២៦ឆ្នាំ ត្រូវបាន​ចាប់ខ្លួន រីឯចំណាប់ខ្មាំង​ទាំងអស់មិនមាន​គ្រោះថ្នាក់​អ្វីឡើយ។ លើសពីនេះទៅទៀត រដ្ឋមន្ត្រីមហាផ្ទៃ​រូបនេះ ក៏បានអះអាងដែរថា វា​គ្រាន់តែជាបទ​ល្មើសតូចតាច ​ហើយ​មិនមានជាប់ព័ន្ធ​នឹងសកម្មភាពភេរវកម្ម​នោះទេ៕