(សិង្ហបុរី)៖ កិច្ចប្រជុំ​កំពូលជាប្រវត្តិសាស្ត្រ​រវាង ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបិទ​បញ្ចប់​ជាស្ថាពរហើយ​កាលពី​រសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយគ្រប់គ្នាបានមើលឃើញថា ភាពវិជ្ជមានជាច្រើនបានលេចឡើង ទាំងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ព្រមទាំង​ជាប្រយោជន៍ធំធេងសម្រាប់ពិភពលោកទាំងមូលផងដែរ។

ខាងក្រោមនេះ គឺជាកិច្ចដំណើរនៃកិច្ចប្រជុំទៅតាមតំណាក់កាល ចាប់តាំងពីការមកដល់​នៃមេដឹកនាំទាំងពីរ គឺលោក គីម និងលោក ត្រាំ ក្នុងទឹកដីសិង្ហបុរី រហូតដល់ការរៀបចំ​កិច្ចជំនួបជាប្រវត្តិសាស្ត្រ ព្រមទាំងការ​ពិភាក្សាគ្នា និងឈានដល់ការបង្កើតចេញនូវ​សេចក្តីថ្លែងការណ៍រួមជាស្ថានពរតែម្តង ហើយមេដឹកនាំទាំងពីរក៏រៀបចំត្រឡប់ទៅ​ប្រទេសកំណើតវិញ​រៀងៗខ្លួន៖

* លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានធ្វើដំណើរមកដល់សិង្ហបុរី នោថ្ងៃអាទិត្យ ទី១០ ខែមិថុនា ឆ្នាំ២០១៨ ដូចគ្នា ដោយលោក ត្រាំ ចាកពីកាណាដា​ដោយជិះយន្តហោះពិសេស Air Force One ក្រោយបញ្ចប់កិច្ចប្រជុំកំពូល G7 ខណៈលោក គីម ជុងអ៊ុន បានចាកចេញ​ពី​ប្រទេស​កូរ៉េខាងជើង និងជិះយន្តហោះចិន Air China ដែលគេជឿជាក់ថា ជាការរៀបចំដោយរដ្ឋាភិបាលចិន។

* នៅពេលស្ថិតនៅសិង្ហបុរីថ្ងៃដំបូង លោក គីម ជុងអ៊ុន និង លោក ដូណាល់ ត្រាំ ត្រូវបាន​ទទួលស្វាគមន៍ និងជូនដំណើរ​ទៅសណ្ឋាគារដាច់​ដោយឡែកពីគ្នា ហើយ​គណប្រតិភូដែល​សុទ្ធសឹងជា​មន្ត្រីកំពូលៗរបស់​អាមេរិក និងកូរ៉េខាងត្បូង បានបើកកិច្ចពិភាក្សា​ទ្វេភាគី​ជាមួយគ្នានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ មុនជំនួបត្រាំ-គីមធ្វើឡើង។

* ឈានចូលដល់ថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានបើកកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយលោក គីម ជុងអ៊ុន ផងនិងជាមួយលោក ដូណាល់ ត្រាំ ផងដើម្បីស្វែងយល់បញ្ហាជារួម ព្រមទាំងទំនាក់ទំនង​រវាងប្រទេសសិង្ហបុរី-កូរ៉េខាងជើង និងសិង្ហបុរី-អាមេរិក។

* នៅសល់មួយថ្ងៃទៀតត្រូវជួបគ្នា លោក គីម ជុងអ៊ុន បានធ្វើការអញ្ជើញលោក​ ដូណាល់ ត្រាម ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង នៅពេលវេលាណាមួយដែលសមស្រប ប៉ុន្តែវាពុំទាន់ទទួលបានការឆ្លើយតបពីសំណាក់ លោក ដូណាល់ ត្រាំ នោះឡើយ។

* នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ លោក គីម ជុងអ៊ុន និងគណប្រតិភូ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់សិង្ហបុរី អមដំណើរ​ទៅធ្វើការទស្សនា​កម្សាន្តទីក្រុងនាពេល​រាត្រីដូចជា នៅជុំវិញ​​សួន Sky Park នៅលើដំបូងនៃ​អគារប្រណិត Marina Bay Sands ព្រមទាំងនៅតំបន់​កំពង់ផែ Singapore Port ដែលជាហេតុនាំឲ្យលោក គីម ជុងអ៊ុន បាន​បង្ហាញ​ការកោត​សរសើរ​មិនដាច់​ពីមាត់ អំពីការរីកចំរើន​របស់​សិង្ហបុរី ដែលកូរ៉េខាងជើងអាចរៀនសូត្រតាម។  

* នៅអំឡុងម៉ោង ៧៖០០ព្រឹក (ម៉ោងនៅ​សិង្ហបុរី) ថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ចាកចេញ​ពីសណ្ឋាគាររៀងៗខ្លួន ដើម្បីចូលរួមក្នុង​ជំនួបកំពូលជា​ប្រវត្តិសាស្ត្រ នៅ​ឯសណ្ឋាគារ Capella Hotel នៃកោះ Sentosa ក្នុងប្រទេស​សិង្ហបុរី នៅ​ថ្ងៃអង្គារនេះ។

* ​ទីបំផុតជំនួបកំពូលរវាងប្រធានាធិបតិ​អាមេរិក លោក ដូណាល់​ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន ចាប់ផ្ដើមជាផ្លូវការ​នៅម៉ោង ០៩៖០០នាទីព្រឹកថ្ងៃអង្គារ (ម៉ោងនៅសិង្ហបុរី ត្រូវនឹងម៉ោង ៨៖០០នាទីនៅកម្ពុជា) ជាមួយការចាប់ដៃគ្នា​ទៅវិញទៅមក​ រវាងមេដឹកនាំនៃ​ប្រទេសទាំងពីរប្រកបដោយ​ការវិការ​ស្វាគមន៍ និងរីករាយ​ដាក់គ្នា នៅលើ​កម្រាល​ពណ៌ក្រហម។

* ក្រោយស្វាគមន៍គ្នាបន្តិច នៅចំពោះមុខអ្នកសារព័ត៌មានអន្តរជាតិជាច្រើននាក់ លោក គីម និង លោក ត្រាំ បានបណ្តើរគ្នាចូលទៅក្នុងបន្ទប់មួយ នៃសណ្ឋាគារ Capella ដើម្បី​បើកកិច្ចជំនួបដំបូងជុំទី ១ ដោយត្រូវបានចូលរួម​ដោយ​មន្ត្រីអម​ដំណើររបស់​ប្រទេស​ទាំងពីរផងដែរ។

* នៅក្នុងឱកាសនៃជំនួប​ដំបូងមួយ​ទល់នឹងមួយ​ ​ជាមួយមេដឹកនាំ​កូរ៉េខាងជើង ដែលបានបញ្ចប់ទៅ​ក្រោយរយៈពេលជាង ៤០នាទី លោក ដូណាល់ ត្រាំ បានលើកឡើង​ប្រាប់ក្រុមអ្នក​សារព័ត៌មាន​ថា តាមរយៈការធ្វើការងារ​ជាមួយគ្នា ​លោក​ជឿជាក់ថា ប្រទេស​ទាំង​ពីរ​​នឹង​អាច​ដោះ​ស្រាយ​​បញ្ហា​ដ៏​ធំ​នៅ​ឧប​ទ្វីប​​កូរ៉េ​​បាន​។

* នៅចំពោះមុខលោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានលើកឡើង​យ៉ាងដូច្នេះថា «យើងនឹង​មានកិច្ចពិភាក្សា​ដ៏អស្ចារ្យ ហើយខ្ញុំគិតថានឹងមានភាពជោគជ័យ​ដ៏ធំសម្បើម។ មួយវិញ​ទៀត វាជាគឺជាកិត្តិយស​របស់ខ្ញុំ ហើយយើង​នឹងមានទំនងទំនង​ដ៏អស្ចារ្យ​ ដោយខ្ញុំ​គ្មានការសង្ស័យ​ឡើយ»។

* ទន្ទឹមគ្នា​លោក គីម ក៏បានទទួល​ស្គាល់ដែរថា វាមិនមែនជារឿងងាយស្រួល​ឡើយក្នុងការបោះជំហាន​ទៅកិច្ចប្រជុំនេះ។ «វាមាន​ឧបសគ្គ និងការអនុវត្តន៍មិន​ត្រឹមត្រូវជាច្រើន​បានបិទភ្នែក និងត្រចៀក​របស់យើងកន្លងមក ប៉ុន្តែយើងបាន​ជម្នះគ្រប់យ៉ាងដើម្បីដើរមកដល់​ថ្ងៃនេះ»។ នេះបើ​តាមសម្តីចេញពីមាត់លោក​ គីម ជុងអ៊ុន តបទៅលោក ត្រាំ វិញ។

* ជាមួយគ្នានេះ ក៏មានការបង្ហើប​ឲ្យដឹងផងដែរ នៅមុនពេលអង្គុយចុះ​ជាមួយគ្នា​ ក្នុងជំនួបមួយ​ទល់នឹងមួយ លោក គីម ជុងអ៊ុន ជាមួយ​ស្នាម​ញញឹមដ៏​ស្រស់ស្រាយ ទំនងជាបានពោលពាក្យ​ទៅកាន់លោក ត្រាំ តាមរយៈអ្នក​បកប្រែថា «ខ្ញុំយល់ថា ពិភពលោកទាំងមូល​កំពុងតែទស្សនា​​​ ព្រឹត្តិការណ៍​ដ៏សំខាន់នា​ពេលនេះ ហើយមនុស្ស​ជាច្រើននៅលើ​ពិភពលោក​នឹងគិតថា នេះគឺប្រៀបដូចជាឈុតឆាក​បែប​ស្រមើ​ស្រមៃ​មួយ នៅក្នុងខ្សែភាពយន្ត​វិទ្យាសាស្រ្តបែបប្រឌិត​អ៊ីចឹង»។

* ក្រោយបញ្ចប់ជំនួបជុំទី ១ ដែលមានរយៈពេលជាង ៤០នាទី មេដឹកនាំ​ទាំងពីរ​ក៏បាន​ចាប់ផ្តើមនៅជំនួបលើកទី ២ បន្តទៀតដោយបានចំណាយរយៈពេល ៩០នាទីទើបបញ្ចប់ ដោយក្នុងនោះមេដឹកនាំទាំងពីរ គឺលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បាន​ព្រមព្រៀងគ្នាថា ក្រោយពិធីទទួលទានអាហារពេលថ្ងៃត្រង់រួច សេចក្តីថ្លែងការណ៍​រួមមួយ​នឹងត្រូវចុះហត្ថលេខា ដោយមេដឹកនាំទាំងពីរ។

* បន្ទាប់ពី​ជំនួបទ្វេភាគីលើកទី២​ជាង ៩០នាទី ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើងលោក គីម​ ជុងអ៊ុន បានចូលរួម​ទទួលទានអាហារ​ថ្ងៃត្រង់​ជាមួយគ្នា​ នៅសណ្ឋាគារ Capella ប្រទេស​សិង្ហបុរី ដែលជាសណ្ឋាគារប្រណិត​បំផុតមួយ នៅប្រទេសដី​កោះអាស៊ីអាគ្នេយ៍​មួយនេះ។

* ម្ហូបអាហារការទូត ដែលបានទទួលមេដឹកនាំទាំងពីរ និងគណប្រតិភូទាំងអស់មាន​ដូចជា៖ ម្ហូបបើកឆាក៖ បង្គារខុកធែល (prawn cocktail) និង​សឡាត់​អាវ៉ូកាដូ (avocado salad) និង​ម្ហូបកូរ៉េ Daegu jorim, ម្ហូប៖ សាច់គោ, ស្រាក្រហម, សាច់ជ្រូក និង​បាយឆាយ៉ាងចូវ (Yangzhou) និង បង្អែម៖ ​នំសូកូឡា​ខ្មៅ, ការ៉េម Haagen-Dazs, និងនំ tropezienne។

* ពេលដឹងថា ប្រទេសទាំងពីរ​នឹងចេញសេចក្តីថ្លែងការណ៍​រួមគ្នា រដ្ឋាភិបាលចិន​នៅថ្ងៃអង្គារនេះ បានសម្ដែង​ការ​ស្វាគមន៍ និងសាទរ​ដល់កិច្ចប្រជុំកំពូលនៅក្នុងប្រទេស​សិង្ហបុរី រវាងប្រធានា​ធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានថ្លែងថា «មេដឹកនាំ​នៃប្រទេសទាំង​ពីរអាច​អង្គុយចុះ ជាមួយគ្នានៅថ្ងៃនេះ​ សម្រាប់កិច្ចប្រជុំ​ដោយស្មើភាព ដែលនេះគឺជា​ការបង្កើរប្រវត្តិសាស្ត្រ​ថ្មីមួយ ហើយចិន​ស្វាគមន៍ និងគំាទ្រ​ ដ្បិតវា​គឺជាវត្ថុបំណងដែល​ចិនកំពុងទន្ទឹមរង់ចាំ និងធ្វើការយ៉ាង​ខ្លាំងដើម្បី​សម្រេច​វត្ថុបំណងនេះ»។

* បន្ថែមពីនេះទៀត ក្រសួងការបរទេស​ចិននៅ​​ថ្ងៃអង្គារនេះ បានចេញសេចក្តី​ថ្លែងការណ៍​​មួយ ដើម្បីអំពាវនាវ​​ឲ្យមានការ​ពិចារណា​ដកទណ្ឌកម្ម ចេញពីប្រទេស​​កូរ៉េខាងជើង ក្រោយពី​លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានចុះហត្ថលេខា​​រួមគ្នាជា​ប្រវត្តិសាស្ត្រ ទៅលើ​​សេចក្តី​ថ្លែការណ៍រួម ដោយក្នុងនោះ​បាន​បញ្ជាក់​ច្បាស់ៗថា កូរ៉េខាងជើង​ប្តេជ្ញា​រួមសហការ​គ្នា ដើម្បីរំសាយ​​​អាវុធនុយក្លេអ៊ែរ​ចេញពីឧបទ្វីបកូរ៉េ​តែម្តង។

* ទីបំផុតកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួម ដោយត្រូវបានចុះហត្ថលេខាដោយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន។ សេចក្តីថ្លែងការណ៍ជាប្រវត្តិសាស្ត្រនេះ មានចំនួន ០៤ ចំណុចធំៗដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិក​ និងកូរ៉េខាងជើង ប្តេជ្ញាបង្កើតទំនាក់​ទំនង​អាមេរិក-កូរ៉េខាងជើងថ្មី ដោយឈរ​លើសេចក្តីប៉ងប្រាថ្នា​របស់ប្រជាជន​ នៃប្រទេស​ទាំងពីរ ដែល​ចង់បាន​សន្តិភាព និងវិបុលភាព។

២៖ សហរដ្ឋអាមេរិក និងកូរ៉េខាងជើង នឹងបង្កើតកិច្ច​ប្រឹងប្រែង​រួមគ្នា ដើម្បីកសាងសន្តិភាព​ដែលមានភាពយូរអង្វែង​ ​និងមានស្ថិរភាពនៅ​ឧបទ្វីបកូរ៉េ។

៣៖ ដោយគោរពតាម​សេចក្តីប្រកាស​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិ Panmunjom ជាមួយ​ប្រធានា​ធិបតី​កូរ៉េខាងត្បូង កូរ៉េខាងជើងនឹងរួមសហការ​គ្នា ឆ្ពោះទៅរក​ការរំសាយអាវុធនុយក្លេអ៊ែរ​ទាំងស្រុង ​ពីឧបទ្វីបកូរ៉េ។

៤៖ សហរដ្ឋអាមេរិក និង​កូរ៉េខាងជើង ប្តេជ្ញាក្នុងការរុករកគ្រោង​ឆ្អឹងកងទ័ព​អាមេរិកកាល​ពីសម័យសង្រ្គាម​កូរ៉េ រួមទាំងការធ្វើមាតុភូមិ​និវត្តន៍ភ្លាមៗ នៃគ្រោងឆ្អឹង​​ទាហាន​អាមេរិក ដែលត្រូវបានកំណត់​អត្តសញ្ញាណ​រួចរាល់។

* ក្រោយចេញសេចក្តីថ្លែងការណ៍រួមរួចរាល់ វាមានន័យថា​កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរត្រូវបានបញ្ចប់ហើយ ប៉ុន្តែលោក ដូណាល់ ត្រាំ បានបើកសន្និសីទ​សារព័ត៌មាន​មួយ ដើម្បីរៀបរាប់​ជារួម​អំពីអត្ថន័យសំខាន់ៗ​អំពីជំនួប ត្រាំ-គីម ដែល​ពិភពលោក​ចង់ដឹងជា​ទីបំផុត។

* ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មាន​ដាច់ដោយ​ឡែកមួយ​នៅក្នុង​សណ្ឋាគារ Capella ប្រទេស​សិង្ហបុរី ក្រោយពិធី​ចុះ​ហត្ថលេខា​លើសេចក្តីថ្លែងការណ៍រួមគ្នា​ជាមួយលោក គីម ជុងអ៊ុន ថា លោក គីម បានព្រម​តាមការអញ្ជើញ​របស់លោក​ហើយ ដើម្បី​ទៅបំពេញ​ទស្សនកិច្ចជាលើក​ដំបូង នៅក្នុង​សហរដ្ឋអាមេរិក។

* នៅក្នុងសន្និសីទ​សារព័ត៌មាន​ខាងលើ លោក ដូណាល់ ត្រាំ បានលើក​ឡើងថា កូរ៉េខាងជើង មាន​សក្តានុពល ដើម្បីប្រែក្លាយខ្លួន​ជាកន្លែង​ដ៏អស្ចារ្យ​មួយ ហើយលោក​ក៏បានឆ្លៀតឱកាស​អរគុណដល់​លោក គីម ជុងអ៊ុន ដែលបាន​ចូលរួមជំនួបកំពូល​នេះ​ផងដែរ ដោយវាគឺជា​ភស្តុ​តាង​ស្តែង​ឲ្យឃើញថា ​ការផ្លាស់ប្តូរ​ពិតជានឹង​អាចកើត​មាន។

* បន្ថែមពីនេះទៀតប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បាននិយាយថា «សហរដ្ឋអាមេរិកនឹងបញ្ឈប់ការធ្វើសមយុទ្ធយោធា» ដែលនេះ​ទំនងជា​លោកចង់​សំដៅទៅលើ​សមយុទ្ធយោធា​​រួមគ្នា ជាមួយ​កូរ៉េខាងត្បូង ដែលទីក្រុងព្យុងយ៉ាង​ផ្ទាល់ចាត់ទុក​ថា ជាចេតនា​បង្ក​រឿង និងឈ្លានពាននោះ។

* ដោយឡែកចំពោះ​ការដកទ័ពពីកូរ៉េខាងត្បូង​​វិញនោះ ប្រធានាធិបតី​អាមេរិករូបនេះ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់យក​កងទ័ពរបស់​យើងចេញ។ ខ្ញុំចង់យកកងទ័ព​របស់យើងត្រឡប់​ទៅផ្ទះវិញ។ ប៉ុន្តែវាមិនមែន​ជាផ្នែកមួយ​ នៃបញ្ហាត្រូវដោះស្រាយ​ក្នុងពេលបច្ចុប្បន្ន​នេះទេ ហើយ​ខ្ញុំសង្ឃឹមថា វានឹងកើតឡើង​នៅថ្ងៃណា​មួយ»។

* លោក ដូណាល់ ត្រាំ បាន​បន្តថា កិច្ចប្រជុំរវាង​លោក និងលោក គីម បាន​ប្រព្រឹត្ត​​ទៅ​ដោយ​​ភាព​ស្មោះត្រង់ ហើយគូសត្រូវ​ក៏អាចប្រែ​ក្លាយ​​ជា​មិត្ត​ផងដែរ។ លោក ត្រាំ បាន​បញ្ជាក់ទៀតថា វាពុំមានដែន​កំណត់នោះ​ឡើយ សម្រាប់អ្វីៗ​ដែល​កូរ៉េខាងជើង អាច​សម្រេច​បាន នៅពេល​​​ដែល​ទីក្រុងព្យុងយ៉ាង សម្រេចបោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ និងបើក​ចំហសេដ្ឋកិច្ច​របស់​ខ្លួន។

* លោក​ប្រធានាធិបតី​អាមេរិក ក៏បានថ្លែងអំណរគុណ​ចំពោះ​សិង្ហបុរី សម្រាប់​ការរៀបចំ​កិច្ចប្រជុំ ​ហើយលោកក៏​បាន​ផ្តល់​​កិត្តិ​យស​​ទៅ​កាន់​មេដឹកនាំនៃ​ប្រទេស​កូរ៉េខាងត្បូង ចិន និង​ជប៉ុន​ផងដែរ។

* ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​​អះអាងថា សហរដ្ឋអាមេរិក​នឹងមិនចេញថ្លៃចំណាយ​សូម្បីតែ​មួយសេន ទាក់ទិននឹង​ការរំសាយអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ខណៈក្រុមអ្នក​ជំនាញខ្លះប៉ាន់​ប្រមាណថា ការលុបបំបាត់អាវុធ​នុយក្លេអ៊ែរនេះ អាចនឹងត្រូវ​ចំណាយប្រាក់​ជាង ២០ពាន់លានដុល្លារ។

* នាយករដ្ឋមន្ត្រីសិង្ហបុរីក្នុងនាមជាម្ចាស់ផ្ទះ ដែលបានចំណាយធនធានផ្ទាល់ខ្លួន ក្នុងការរៀបចំជំនួបកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានសរសេរលិខិតជូនមេដឹកនាំទាំងពីររូប ដោយបានសម្តែងនូវក្តីអបអរសាទរ តំណាងឲ្យប្រជាជាតិសិង្ហបុរីទាំងមូល ចំពោះ​ការ​បញ្ចប់ទៅដោយភាពជោគជ័យ នៃជំនួបកំពូលក្នុងថ្ងៃអង្គារនេះ។

* នៅក្នុងលិខិតផ្ញើជូន​ទៅលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក លី សៀនឡុង បានសង្កត់​ធ្ងន់ថា «កិច្ចប្រជុំកំពូលរវាងមេដឹកនាំ​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង គឺជាជំហានឆ្ពោះទៅមុខយ៉ាងខ្លាំងមួយ ហើយសិង្ហបុរីមាន​កិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ...»។

គួរបញ្ជាក់ថា ការចាកចេញ​របស់លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ទៅកាន់​ប្រទេសរៀងៗ​ខ្លួនវិញ ត្រូវបានសារព័ត៌មាន​សិង្ហបុរីចេញ​ផ្សាយថា ធ្វើឡើង​នៅយប់​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយ​លោក ត្រាំ ធ្វើដំណើរ​តាមយន្តហោះ Air Force One ចាកពីសិង្ហបុរី​នៅវេលា​ម៉ោង ៧៖០០នាទីយប់ និង​លោក គីម ជុងអ៊ុន ចាកចេញតាមជើងហោះហើរ Air China នៅម៉ោង ៩៖០០នាទីយប់​ថ្ងៃដដែល (ម៉ោងនៅសិង្ហបុរី ដើរលឿនជាងម៉ោងនៅកម្ពុជា​មួយម៉ោង)៕

សូមចុចអាន៖ ស្វែងយល់ខ្លឹមសារទាំងស្រុង​អំពី «ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​ នៃជំនួប​​កំពូល​ត្រាំ-គីម» ដែល​ប្រារព្ធ​ឡើង​​នៅ​សិង្ហបុរី