(តែលអាវីវ)៖ មេដឹកនាំកំពូល​អ៊ីរ៉ង់ លោក អាយ៉ាតូលឡាហ៍ អាលីខាមេណៃ (Ayatollah Ali Khamenei) បាន​ថ្កោលទោស​អ៊ីស្រាអែលយ៉ាងខ្លាំង ជុំវិញអំពើហិង្សានៅឯ​តំបន់ហ្កាហ្សា ដោយលោក​ចាត់ទុកថា រដ្ឋជ្វីបមួយនេះ​គឺជាដុំសាច់​មហារីក​ដ៏គ្រោះថ្នាក់មួយ​ ដែលគួរតែត្រូវ​យក​ចេញ និងកម្ចាត់​ចោល ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន The Times Of Israel នៅ​រសៀលថ្ងៃអង្គារ ទី០៥ ខែមិថុនា ឆ្នាំ២០១៨។

លោក Ali Khamenei ថ្លែងបែបននេះ​នៅក្នុងសារ​បង្ហោះលើ Twitter ជាបន្តបន្ទាប់​កាលពីចុង​សប្ដាហ៍​កន្លងទៅ។ «គោលជំហរ​របស់​យើង ប្រឆាំង​នឹង​អ៊ីស្រាអែល គឺដូចគ្នាទៅ​នឹងគោលជំហរ​ដែលយើងកំពុង​ធ្វើសព្វថ្ងៃ..​. អ៊ីស្រាអែល​គឺជាដុំសាច់មហារីកដ៏គ្រោះ​ថ្នាក់ នៅ​ក្នុងតំបន់អាស៊ីខាងលិច ដែលគួរតែត្រូវ​យកចេញ និងកម្ចាត់ចោល។ វាគឺជារឿង​អាចធ្វើបាន ហើយវានឹង​កើតឡើង​នៅថ្ងៃណា​មួយ»។ នេះបើតាមលោក Ali Khamenei។

គួរបញ្ជាក់ថា មេដឹកនាំ​កំពូលអ៊ីរ៉ង់ ក៏បានព្រមាន​បណ្ដាប្រទេសអារ៉ាប់​មួយចំនួន ដែលលោកចាត់​ទុកថា ជាប្រទេសក្បត់​ដូចជា អារ៉ាប៊ី​សាអូឌីត ផងដែរ​សម្រាប់​ការបដិសេធ​ក្នុងការប្រឈមមុខ​ជាមួយអ៊ីស្រាអែល ដើម្បី​យកចិត្ត​សហរដ្ឋអាមេរិក ហើយបើ​តាមលោក ការតស៊ូ​គឺជាមធ្យោបាយតែ​មួយគត់ ដែលអាចជួយ​ប៉ាឡេស្ទីនពីការ​គាបសង្កត់៕