(ម៉ូស្គូ)៖ កងកម្លាំងការពារដែន​អាកាស នៃប្រទេស​រុស្ស៊ី​ទើបតែចាប់​ផ្តើមទទួល​បានម៉ាស៊ីនហ្វឹកហ្វឺន​ទំនើបៗ សម្រាប់​ហាត់រៀន​ឲ្យបានស្ទាត់​ជំនាញ ក្នុងការ​ធ្វើ​ប្រតិបត្តិការ​ទៅលើប្រព័ន្ធការ​ពារអាកាស ព្រមទាំង​យន្តហោះ​ចម្បាំងដទៃៗ​ទៀត។ នេះបើតាមកា​រដកស្រង់ការផ្សាយចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។

បើតាមអគ្គ​មេបញ្ជាការ​នៃកងកម្លាំងដែន​អាកាសរុស្ស៊ី លោក ស៊ឺហ្គៃ សួរ៉ូវីគីន (Sergei Surovikin) ម៉ាស៊ីនហ្វឹកហ្វឺន​ទាំងនេះ ត្រូវបាន​រចនាឡើង​សម្រាប់យន្តហោះ​ចម្បាំង​ធុន Yak-130, Su-34, ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ធុន Mi-28N, Ka-52, និង Mi-8MTV-5, និងប្រព័ន្ធ​ខែលការពារ​អាកាស S-400 ព្រម​ទាំងប្រព័ន្ធ​បាញ់ពីផ្ទៃដី​ឡើងទៅលើ​អាកាស​រយៈកម្ពស់ខ្លី និងមធ្យម Pantsir-S ជាដើម។

គួរជម្រាបថា សព្វាវុធខាង​លើនេះ​សុទ្ធតែជា​បច្ចេកវិទ្យា​យោធា​ជំនាន់​ថ្មី​ និងប្រកបដោយអានុភាព​របស់​​ប្រទេស​រុស្ស៊ី។ ការបង្កើត​សមត្ថភាពរបស់​រុស្ស៊ីពេលនេះ ក៏បាន​កើត​មានឡើង​ស្របពេល​ដែលសមាជិកនានា​របស់អង្គការ NATO កំពុងតែ​បង្កើត​ឥទ្ធិពល​ដូចគ្នា ជាពិសេស​នោះ គឺសេចក្តីប្រកាសកាល​ពីសប្តាហ៍មុននេះ ដែល NATO គ្រោង​បង្កើន​ទ័ពប្រុងជើង​ការបន្ថែម ៣០,០០០នាក់ទៀត ដើម្បីទប់​ឥទ្ធិពលរុស្ស៊ី​តែម្តង