(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើងនិងប្រធានាធិបតីកូរ៉េខាងត្បូង បានព្រមព្រៀងបើកកិច្ចពិភាក្សាជាន់​ខ្ពស់​​រវាងប្រទេសទាំងពីរ នៅថ្ងៃទី០១ ខែមិថុនា ក្នុងអំឡុងជំនួបស្ងាត់ៗជាលើកទីពីរ​​រវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន នៅឯព្រំដែនកាលពីម្សិលមិញ។ នេះបើតាមការ​​​របស់​ទីភ្នាក់ងាររដ្ឋកូរ៉េខាងជើង KCNA ដកស្រង់បន្តដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃ​អាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨។

ជំនួបអន្តរកូរ៉េលើកទីពីររវាងលោក មូន ជែអ៊ីន និង លោក គីម ជុងអ៊ុន ក្នុងរយៈពេលត្រឹមមួយខែប៉ុណ្ណោះនេះ ត្រូវបានធ្វើឡើងដោយស្ងាត់ៗ​នៅ​​​ឯ​​​ភូមិ Panmunjom ខណៈដែលលោក មូន បាននិងកំពុង​ដុតដៃដុតជើងព្យាយាមស្រោចស្រង់ ​កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង ដែល​ពីដំបូង​​​ត្រូវបានកំណត់ថានឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ខែមិថុនា នៅប្រទេសសិង្ហបុរី មុនពេលត្រូវលោក ដូណាល់ ត្រាំ សម្រេចលុបចោល។

គួរជម្រាបថា ក្រោយពីបានប្រកាសលុបចោល លោកប្រធានាធិបតីអាមេរិក បែរជាត្រឡប់ទៅលើនិយាយវិញថា ជំនួបកំពូលរវាងលោក​និង​លោក គីម អាចនឹងប្រព្រឹត្តទៅដូចអ្វីដែល​បានគ្រោងទុកដដែល ខណៈប្រទេសទាំងពីរ កំពុងចរចារឿងនេះ៕