(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាថ្មីម្តងទៀតបានបង្ហាញពីឆន្ទៈរបស់លោក ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ និង​ការ​​បើក​កិច្ចប្រជុំកំពូលជាមួយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការអះអាងពីប្រធានាធិបតីកូរ៉េខាងត្បូង ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០១៨។

ក្នុងអំឡុងការធ្វើសន្និសីទពាក់ព័ន្ធនឹងលទ្ធផលនៃជំនួបជាលើកទីពីរ​រវាងលោក និងលោក គីម ជុងអ៊ុន កាលម្សិលមិញ លោក មូន ជែអ៊ីន បានឲ្យដឹងថា លោក គីម ជុងអ៊ុន ជាថ្មីម្តងទៀត បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញារបស់លោក ចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ​ចោល​ទាំងស្រុងពីឧបទ្វីបកូរ៉េ ដូចទៅនឹងសេចក្តីប្រកាសរួម​កាលពីថ្ងៃទី២៧ ខែមេសា នៅភូមិ Panmunjom ហើយ​លោក បានបង្ហាញពីឆន្ទៈក្នុងការ​បញ្ចប់ការប្រឈមមុខដាក់គ្នា តាមរយៈជោគជ័យនៃការបើកកិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិក។

គួរជម្រាបថា បើតាមលោក មូន ជំនួបរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង ប្រហែលជាមួយអាចជួយស្រោចស្រង់​កិច្ចប្រជុំត្រាំ-គីម ​​ប៉ុន្តែ​ជោគវាសនាចុងក្រោយនៃជំនួបជាប្រវត្តិសាស្រ្តនេះ នឹងអាស្រ័យជាចម្បងទៅលើការចរចាទាក់ទងគ្នាដោយផ្ទាល់ រវាង​ប្រទេសទាំងពីរ។ ​នា​ថ្ងៃអាទិត្យនេះ លោក ត្រាំ ក៏បានឲ្យដឹងផងដែរថា ប្រទេសរបស់លោក និងកូរ៉េខាងជើង កំពុងស្ថិតក្នុងការចរចាគ្នាអំពីបញ្ហានេះ ហើយអ្វីៗ​​កំពុងឆ្ពោះទៅរកភាពប្រសើរឡើង ដោយលោកមានក្តីរំពឹងខ្ពស់ថា កិច្ចប្រជុំនៅសិង្ហបុរី នាថ្ងៃទី១២ ខែមិថុនា នៅតែអាចទៅរួច៕