(អឺរ៉ុប)៖ ប្រធានស្នងការទទួល​បន្ទុកកញ្ចប់​ថវិកាអឺរ៉ុប លោក ហ្គែនធើ អេតធីងហ្គើ (Guenther Oettinger) បានកត់សម្គាល់ថា អាល្លឺម៉ង់ចំាបាច់​ត្រូវតែបង្កើន​កិច្ចខិតខំប្រឹង​ប្រែង ដើម្បីបង្កើន​កញ្ចប់ថវិកា​ការពារជាតិ​ ឱ្យដល់គោលដៅ​ដែលកំណត់​ដោយ​អង្គការណាតូ ពោលគឺដូចគ្នា​ទៅនឹងការ​ទាមទារ​របស់ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសៅរ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៨។

លោក Guenther ថ្លែងបែបនេះ​នៅក្នុងបទសម្ភាសន៍​ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ ហ្វាំងគី (Funke) នៅថ្ងៃសៅរ៍នេះ។ លោក Guenther បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «បើសិនជា​អាល្លឺម៉ង់ចង់បានទំនុកចិត្ត​នៅក្នុងអង្គការ​ណាតូ រដ្ឋាភិបាល​ទីក្រុង​ប៊ែរឡាំង ត្រូវតែបង្កើន​កញ្ចប់ថវិកា​ការពារជាតិឱ្យជិតដល់ ២ភាគរយ តាមគោលដៅ​កំណត់»។ បន្ថែមពីលើនេះ លោកក៏​បានអះអាង​ដែរថា ការប្ដេជ្ញាចិត្ត​របស់​ទីក្រុងប៊ែរឡាំងក្នុង​ការចំណាយ​កញ្ចប់ថវិកា ១.៥ភាគរយ លើកញ្ចប់​ថវិកាយោធា​ គឺជារឿង​អាចទទួល​បាន។

គួរបញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់​លើបណ្ដាប្រទេស​អឺរ៉ុបជាច្រើន ជាពិសេសគឺ​អាល្លឺម៉ង់ជុំវិញ ការចំណាយលើ​កញ្ចប់ថវិកាយោធា​មិនគ្រប់គ្រាន់​ តាមគោល​ដៅកំណត់ ០២ភាគរយ។ ការអះ​អាង​របស់លោក ដូណាល់ ត្រាំ គឺចង់បញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែចំណាយ​ថវិកា​ច្រើន​តែឯង ខណៈដែល​អង្គការនេះ មានផល​ប្រយោជន៍​ខ្លាំងចំពោះ​សហភាពអឺរ៉ុប​៕ ​