(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ អាជ្ញាធរហ្វីលីពីន​ចេញការព្រមាន​ក្តៅៗថា ភ្នំភ្លើង Mayon អាចផ្ទុះ​ឡើងគ្រប់​ពេល​វេលា ព្រោះមាន​សញ្ញាមិន​ស្រួល​កើត​ឡើង។

២៖ ​បាតុកម្មតវ៉ាបិទ​ផ្លូវរបស់ក្រុមអ្នកបើក​រថយន្ដធុនធ្ងន់ នៅក្នុងប្រទេស​ប្រេស៊ីល​បានឈានចូល​ថ្ងៃទី៤ហើយ ដោយសារតែ​ពួក​គេ​ខឹង​សម្បារ​​ចំពោះការឡើង​ថ្លៃ​សាំង។

៣៖ ប្រធានាធិបតីវេណេស៊ុយអេឡា ស្បថឡើងកាន់តំណែងជាផ្លូវការ​សម្រាប់អាណត្តិទីពីរ និងស្នើឲ្យដោះ​លែង​អ្នក​ទោស​នយោ​បាយ​ទាំងអស់។

៤៖ ​សភា​អាមេរិក អនុម័ត​កញ្ចប់​ថវិកា ៧១៧ពាន់​លាន​ដុល្លារ សម្រាប់​ទ្រទ្រង់វិស័យ​​ការពារជាតិ​ដូចជា ជ្រើសរើសទ័ព, ទិញនាវា និង​យន្ត​ហោះ​ចម្បាំងបន្ថែម ព្រមទាំងការរៀបចំព្យុហយាត្រាយោធា នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលលោក ត្រាំ​ ចង់បាន។

៥៖ ជនសង្ស័យពីរនាក់ ផ្ទុះគ្រាប់​បែក​​ក្នុងខេត្ត Ontario ប្រទេស​​កាណាដា បង្កឲ្យ​មនុស្ស​ជាច្រើនរង​​របួស ក្នុងនោះ​០៣នាក់​របួស​ធ្ងន់ធ្ងរ។

៦៖ មេប៉ូលិសម៉ាឡេស៊ី ថ្លែងឲ្យដឹងក្នុងសន្និសីទសារព័ត៌មានមួយថា ​មកទល់ពេលនេះ លុយសុទ្ធ​សរុប​២៨.៦លានដុល្លារ​​​ ត្រូវបាន​រឹបអូសពី​អាផាតមិន ដែលមានជាប់ពាក់​ព័ន្ធ​​នឹងអតីតនាយករដ្ឋមន្រ្តី លោក Najib Razak។

៧៖ កូរ៉េខាងត្បូង កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ស្តីពីកិច្ចប្រឹងប្រែងដើម្បីស្រោចស្រង់​ជំនួប​កំពូល​រវាង​អាមេរិកនិងកូរ៉េខាងជើង ដែល​លោក ត្រាំ បានសម្រេចលុបចោល។