(ការ៉ាកាស់)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានស្បថឡើង​បន្តឡើងកាន់​មុខតំណែង​​ជាផ្លូវការ និងបាន​ស្នើឲ្យ​​មានការលើកលែងទោស​ចំពោះ​ក្រុមបាតុករ​​នយោបាយនានា ដែលបាន​ជាប់ពន្ធនាគារ​ដោយសារ​ការប្រើអំពើ​ហិង្សា។ នេះបើតាម​ការដក​ស្រង់​​ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។

ក្រោយពីការធ្វើ​កិច្ចសច្ចាប្រណិធាន​​ជាផ្លូវការ លោក ម៉ាឌូរ៉ូ ក៏បានប្រកាស​ផងដែរពី​ផែនការសកម្មភាព​ ០៦ចំណុច សម្រាប់ការដឹកនាំ​នៅ​អាណត្តិ​​ទីពីរ​​របស់លោក ដោយដំបូងក្នុង​ចំណោមនោះ គឺសំដៅលើក​កម្ពស់ការ​បើក​កិច្ចចរចា​ និងផ្សះផ្សា​​​រវាង​គណបក្សកាន់​អំណាច PSUV និង​​គូ​បដិ​បក្ខ​​​​នយោបាយ​នានា ដែលបានធ្វើពហិកា​ក្នុងការបោះឆ្នោត​កាលពីថ្ងៃទី២០ ខែឧសភា។

សម្រាប់សកម្មភាព​ទីពីរវិញ គឺពាក់ព័ន្ធនឹងការ​ស្វែងរកដំណោះ​ស្រាយ​សម្រាប់បញ្ហា​វិបត្តិសេដ្ឋកិច្ច របស់ប្រទេស​អាមេរិកឡាទីន​មួយនេះ និង​ទីបី​ គឺការបើកយុទ្ធនាការ​ថ្មីប្រឆាំង​ទៅនឹងអំពើពុក​រលួយគ្រប់​ទម្រង់។ ជាមួយគ្នានេះ លោក ម៉ាឌូរ៉ូ ក៏បាន​ដាក់សំណើ​ធ្វើការពង្រឹង និងពង្រីក​​កម្ម​វិធីសង្គម ព្រមទាំងធ្វើការ​ការពារ​វេណេស៊ុយអេឡា​ ពីការគាបសង្គត់​របស់​​ពួក​ចក្រ​ពត្តិនិយម និងទណ្ឌកម្ម​អាមេរិក ក៏ដូចជាធ្វើការ​​បន្ត​​អភិ​វឌ្ឍន៍​សង្គម​និយម​​វេណេស៊ុយអេឡា​ផងដែរ។

គួរជម្រាបថា លោក ម៉ាឌូរ៉ូ បានទទួលជ័យ​ជម្នះក្នុងការបោះឆ្នោតសម្រាប់​អាណត្តិទីពីរ ពោលគឺបន្តដល់ឆ្នាំ២០២៥​នោះ តាមរយៈការ​ទទួល​បាន​សំឡេង​ជាង ០៦លានសំឡេង វ៉ាដាច់យ៉ាងឆ្ងាយ​ពីគូប្រកួតរបស់​ខ្លួន៕