(ឡាហាវ៉ាន់)៖ អាជ្ញាធរគុយបា​ទីបំផុតបានរកឃើញ​​ប្រអប់ខ្មៅទីពីរ​​ ដែលផ្ទុក​នូវទិន្នន័យ​ហោះហើរ​របស់​យន្តហោះ​ Boeing 737-200 ដែល​​បាន​ធ្លាក់​នៅក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ នៃទីក្រុង​ឡាហាវ៉ាន់ នាថ្ងៃទី១៨ ខែឧសភា ហើយប្រការ​នេះ អាចនឹងធ្វើឲ្យ​​មូលហេតុ​​​នៅ​ពី​ក្រោយពី​ក្រោយសោកនាដកម្ម​តាមផ្លូវអាកាស​ដ៏អាក្រក់​នេះ ត្រូវបាន​លាតត្រដាង​នាពេល​ឆាប់ៗ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។

ប្រអប់ខ្មៅ​ទីពីរនេះ ត្រូវបានរកឃើញ​នៅតំបន់​កើតហេតុ ក្នុងរយៈពេលជិត​មួយសប្តាហ៍​ក្រោយ គ្រោះថ្នាក់ធ្លាក់​យន្តហោះ​បានកើតឡើង ខណៈប្រអប់ខ្មៅ​ទីមួយ ​ដែលមានផ្ទុក​​នូវសំឡេង​ត្រូវបានរកឃើញ​​ នៅប៉ុន្មាន​ថ្ងៃក្រោយ យន្តហោះ​ធ្លាក់។ បើតាមអាជ្ញាធរ​គុយបា ការ​រក​ឃើញ​នៃប្រអប់ខ្មៅ​ទីពីរនេះ ​អាចសម្រេច​ទៅបាន គឺដោយសារ​តែការវិភាគ​របស់ក្រុម​អ្នកជំនាញ ​សាក្សីនានា ​និងប្រជាជន​ដែលរស់នៅ​​​​ក្បែរ​នោះ។

គួរជម្រាបថា យន្តហោះ​ខាងលើ ដែលជាកម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ម៉ិចស៊ីកូ Damojh ឬ Global Air ប៉ុន្តែត្រូវបាន​ជួលដោយ​ក្រុមហ៊ុន​អាកាស​ចរណ៍​គុយបា មានផ្ទុក​មនុស្ស​សរុបចំនួន ១១៣នាក់នៅលើនោះ។ ​ហេតុការណ៍​ដ៏អាក្រក់​កាលពី​សប្តាហ៍មុន បានផ្តាច់ជីវិត​មនុស្ស​ចំនួន​ ១១១នាក់ ក្នុងនោះរួមមាន​ជនជាតិគុយបា ១០០នាក់ ជនបរទេស ០៥នាក់ និងសហសេវិកមក​ពីម៉ិចស៊ីកូទាំង ០៦នាក់ ខណៈស្រ្តី​ពីររូបដែល​​នៅ​មាន​ជីវិតនោះ កំពុងបន្តស្ថិត​ក្រោមស្ថានភាព​ធ្ងន់ធ្ងរដដែល មកទល់​ពេល​នេះ៕