(អាមេរិក)៖ ​កងទ័ពអាកាស​អាមេរិក​យ៉ាងតិច ១៤នាក់ ដែល​បម្រើការ​នៅក្នុង​មូលដ្ឋានយោធា​​មួយកន្លែង​មានផ្ទុក​អាវុធ​នុយក្លេអ៊ែរ នៅឯរដ្ឋវ៉ាយអូមីង (Wyoming) ធ្លាប់បាន​ទិញ លក់ និងប្រើប្រាស់ LSD និង​កូកាអ៊ីន ព្រមទាំង​គ្រឿងញៀន​ដទៃៗទៀត កាលពី​ចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៦។ នេះបើតាម​​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃ​​សុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៨។

ជុំវិញករណីនេះ អ្នកវិភាគមួយមួយ​ដែលជាសាស្រ្តាចារ្យ ស្ទេវិន ស្តារ (Steven Starr) ​មកពី​សាកលវិទ្យាល័យ​មីសសួរី (Missouri) បានចេញ​​មក​បញ្ចេញ​មតិខ្លះៗ។ Steven Starr បានលើកឡើងថា ការងាររបស់​កងទ័ពនោះ គឺជាការងារ​ដ៏អាក្រក់មួយ ពោលគឺពួក​គេត្រូវអង្គុយម្តងៗ​រាប់ម៉ោង ​ដើម្បីរង់ចាំបញ្ជា​អំពីការ​​បាញ់គ្រាប់​មីស៊ីល​ឆ្លងទ្វីប​បំពាក់​ក្បាលនុយក្លេអ៊ែរ​​បានរហូតដល់ ៥០គ្រាប់។ ដូច្នេះ​ហើយ​ប្រការនេះ ប្រហែលជា​អាចធ្វើឲ្យ​​ពួកគេ មាន​ទំនោរ​​ទៅ​ប្រើប្រាស់​គ្រឿង​ញៀន។

ព័ត៌មាននេះ​បានកើតមានឡើង នៅប៉ុន្មាន​ខែក្រោយ​ពីរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសពី​ការធ្វើកំណែទម្រង់​ទ្រង់ទ្រាយធំ​ឡើង​​​​ ទៅលើយុទ្ធសាស្រ្ត​អាវុធ​នុយក្លេអ៊ែរ​របស់​សហរដ្ឋអាមេរិក។

គួរជម្រាបថា កងទ័ពដែល​មានពាក់ព័ន្ធនឹង​គ្រឿងញៀន ​គឺស្ថិតក្នុង​ចំណោមកង​អង្គភាពមីស៊ីលទី ៩០ ដែលគ្រប់គ្រង​ទៅលើ​​មួយ​ភាគបី​នៃ​​មីស៊ីលបំពាក់​នុយក្លេអ៊ែរធុន Minuteman 3 ប្រមាណ ៤០០គ្រាប់ របស់​សហរដ្ឋអាមេរិក ដែលស្ថិត​ក្រោមការ​ប្រុងប្រៀប​ខ្លួន ពេញមួយថ្ងៃៗ​​ជារៀង​រាល់ថ្ងៃ៕