(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួង​​ការបរទេស​ចិន លោក វ៉ាង យី នឹងចេញទៅបំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃពុធស្អែកនេះ​ហើយ ខណៈដែល​វិស័យពាណិជ្ជកម្ម​រវាង​ប្រទេសទាំងពីរ កំពុងជួបប្រទះភាពតានតឹងខ្លាំង ដែលចាប់ផ្តើមឡើង​តាំងតែពីខែមេសា កន្លងទៅ ព្រមទាំងបញ្ហា​កូរ៉េខាងជើង ដែលកំពុងប្រែ​ជា​អាក្រក់ឡើងវិញ​​ផងដែរ។ នេះបើតាម​ការ​ចេញផ្សាយ​​ដោយ Channel News Asia ដកស្រង់​ពី​ទីភ្នាក់ងារ AFP នាយប់​​ថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។

អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក លូ កាង បានឲ្យដឹងនៅ​ថ្ងៃអង្គារនេះថា «ចិន និងសហរដ្ឋអាមេរិក នឹងធ្វើការផ្លាស់ប្តូរទស្សនគ្នា​ទៅវិញទៅមក ជុំវិញទំនាក់ទំនង​ទ្វេភាគី ជាពិសេសបញ្ហា​នានាទាក់ទងនឹងផល​ប្រយោជន៍ជារួម»។

គួរបញ្ជាក់ថា បញ្ហាវិវាទពាណិជ្ជ​រវាង​មហាយក្សសេដ្ឋកិច្ច​ធំៗ​ផ្តាច់គេទាំងពីរ រួមនិងបញ្ហា​កូរ៉េខាងជើង មិនមែនជារឿងដែលសំខាន់តែឯងនោះ​ឡើយ ដោយ​សហរដ្ឋអាមេរិក ក៏នឹងមានរឿង​​ជាច្រើនត្រូវនិយាយ​ជាមួយចិន ពាក់ព័ន្ធនឹងបញ្ហា​សមុទ្រចិនខាង​ត្បូងផងដែរ ខណៈដែល​​មួយរយៈចុងក្រោយ​នេះ មានសារព័ត៌មាន​ជាច្រើន បានចេញផ្សាយ​ពីសកម្មភាព​យោធាចិន នៅតាមតំបន់​ជម្លោះក្នុងសមុទ្រ​ចិនខាងត្បូង ហើយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានសរសេរ​លើ Twitter របស់លោករិះគន់ទង្វើ​ររដ្ឋាភិបាល​ទីក្រុងប៉េកាំង​ផងដែរ៕