ទីបំផុតអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប ចូលខ្លួនស្រាយបំភ្លឺ ចំពោះមុខគណៈកម្មការប្រឆាំងអំពើពុករលួយ...
22-05-2018 11:18
(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ បានធ្វើដំណើរទៅដល់ការិយាល័យ នៃគណៈកម្មការប្រឆាំងអំពើពុករលួយ (MACC) ហើយនៅថ្ងៃអង្គារនេះ ដើម្បីស្រាយបំភ្លឺក្នុងការស៊ើបការអង្កេត ពាក់ព័ន្ធនឹងការចោទប្រកាន់ជុំវិញសំណុំរឿងពុក រលួយនៃមូលនិធិរដ្ឋ 1MDB។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨។
MACC បាននិយាយថា ខ្លួនបានកោះអញ្ជើញលោក ណាជីប ឱ្យបានមកចូលរួមក្នុងការស៊ើបការអង្កេតលើក្រុមហ៊ុនមួយឈ្មោះ SRC International មានជាប់ទាក់ទិននឹងមូលនិធិរដ្ឋ 1MDB ដែលលោក ណាជីប ផ្ទាល់ បានបង្កើតឡើងកាលពីឆ្នាំ២០០៩។ ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់បានច្រានចោលរាល់ការចោទប្រកាន់ប្រឆាំងនឹងរូប ខណៈប៉ូលិសម៉ាឡេស៊ី បានរឹបអូសលុយទាំងគីបៗ គ្រឿងអលង្កា និងកាបូបយួរដៃជាច្រើន ពីលំនៅដ្ឋានឯក និងខុនដូប្រណិតដែលមានពាក់ព័ន្ធនឹងលោក ណាជីប រ៉ាហ្សាក់។
គួរបញ្ជាក់ថា ការចុះឆែកឆេររបស់ប៉ូលិស និងការកោះហៅ លោក ណាជីប ឱ្យចូលខ្លួនបំភ្លឺ ធ្វើឡើងក្នុងក្របខណ្ឌនៃការស៊ើបអង្កេត លើអំពើពុករលួយនៃមូលនិធិរដ្ឋ1MDB ហើយនេះជាផ្នែកមួយនៃការសន្យារបស់នាយករដ្ឋមន្ត្រីថ្មី លោក មហាធៀ មហាម៉េដ ដែលចង់ ឱ្យលោក ណាជីប ទទួលខុសត្រូវចំពោះមុខច្បាប់ បើសិនជាលោកគ្មានកំហុសមែននោះ៕