(ឥណ្ឌា)៖ ក្រុមមន្ត្រីសុខាភិបាល​ឥណ្ឌាក្នុងរដ្ឋ ឃែរ៉ាឡា (Kerala) ស្ថិតនៅភាគ​ខាងត្បូងនៃប្រទេស​បានឱ្យដឹងថា មនុស្ស ០៩នាក់ បានស្លាប់ដោយ សង្ស័យថា មានជាប់ពាក់ព័ន្ធនឹងវីរុស​ដ៏សាហាវមួយឈ្មោះនីផាហ៍ (Nipah)។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC​ នៅរសៀលថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨។

យោងតាម​ក្រុមន្ត្រីសុខាភិបាល​ឥណ្ឌា ជនរងគ្រោះ ០៣នាក់ ត្រូវបានគេធ្វើតេស្ដ​រកឃើញថា​ បានឆ្លងវីរុស Nipah។ ចំណែកឯ ការធ្វើតេស្ដ​លើមនុស្ស ០៦នាក់ ផ្សេងទៀត​នឹងត្រូវបង្ហាញ​នៅថ្ងៃចន្ទនេះ ខណៈមនុស្ស ២៥នាក់ កំពុងសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ។ Nipah គឺជាវីរុស​ដែលចម្លង​ពីសត្វមក​មនុស្ស ហើយមកទល់​ពេលនេះ​ គេមិនទាន់រកឃើញវ៉ាក់​សាំងបង្ក ឬព្យាបាលវីរុស​ដែលមាន​អត្រាមរណៈប្រមាណ ៧០ភាគរយ នេះនៅឡើយទេ។ បន្ថែមពី​លើនេះ Nipah ក៏ជាវីរុសមួយដែល​ស្ថិតនៅក្នុង​ចំណោម​បញ្ជីឈ្មោះទាំង ១០ នៃជំងឺ កាចសាហាវ​ដែលអាចនឹងផ្ទុះ​ឡើងគួរឱ្យ​ព្រួយបារម្ភ សម្រាប់អង្គការ​សុខភាព​ពិភពលោក (WHO​) ផងដែរ។

គួរបញ្ជាក់ថា វីរុស Nipah ត្រូវបានគេ​កំណត់រកឃើញ​នៅឆ្នាំ១៩៩៩ នៅអំឡុងពេល​ដែលវាផ្ទុះឡើងខ្លំាង​ ​នៃជំងឺរលាក​ខួរក្បាល និងផ្លូវដង្ហើម​ក្នុងចំណោម​កសិករ​ចិញ្ចឹមជ្រូក និងក្រុមមនុស្ស​ដែលមានទំនាក់ទំនង​យ៉ាងជិតស្និទ្ធ ជាមួយសត្វជ្រូកនៅក្នុង​ប្រទេស ម៉ាឡេស៊ី និងសិង្ហបុរី។ នៅកាល​ណោះ​មនុស្សជិត ៣០០នាក់ បានឆ្លងវីរុស​នេះ ហើយ ១០០នាក់ ត្រូវបានគេ​រាយការណ៍បាន​ស្លាប់៕