(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក រិច ធីល្លឺសុន បានរិះគន់យ៉ាង​ខ្លាំងនូវអ្វីដែលលោក​ផ្ទាល់ហៅថា ជាការកើន​ឡើងនៃវិបត្តិ​ក្រុមសីលធម៌ និងភាព​សុច្ចរិត នៅក្នុងជីវិត​ប្រជាជន​អាមេរិក។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨។

លោក ធីល្លឺសុន ធ្វើការកត់​សម្គាល់​បែបនេះ ក្នុងសុន្ទរកថា​មួយ​នៅថ្ងៃពុធសប្ដាហ៍នេះ នៅឯ​វិទ្យាសា្ថន Virginia Military Institute។ ប៉ុន្តែ​ព្រមពេលជា​មួយគ្នា គេបានមើល​ឃើញថា លោកហាក់ដូចជាមាន​បំណងរិះគន់លើ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បើ​ទោះជាមិនបាន​លើកឈ្មោះចំៗ​ក៏ដោយ។

លើសពីនេះ​ទៅទៀត ការលើកឡើង​របស់អតីតរដ្ឋមន្ត្រី​ការបរទេសរូបនេះ​ទៀតសោត កើតមានឡើង​នៅចំពេល​លោក ដូណាល់ ត្រាំ កំពុងជាប់ផុងក្នុង​រឿងអាស្រូវផ្លូវភេទ​ ជាមួយអតីតតារាសិច​ស្រីអាមេរិក​ម្នាក់ ខណៈក្រុម មន្ត្រីសេតវិមាន​ជាច្រើននាក់ បានលាលែង​ពីតំណែង​ជាបន្តបន្ទាប់ ដោយសារតែ​ការចោទប្រកាន់​ពាក់ព័ន្ធនឹង​រំលោភបំពាន​ផ្លូវភេទ និងអំពើហិង្សា​ក្នុងគ្រួសារ​ជាដើម។

ថ្លែងនា​ឱកាសនោះ លោក ធីល្លឺសុន បានគូស​បញ្ជាក់យ៉ាង​ដូច្នេះថា «បើសិនជាមេដឹកនំា​របស់ពួកយើង ព្យាយាមលាក់​បាំងការពិត ហើយ យើងព្រម​ទទួលយកការពិត​ ដែលមិន​ឈរលើមូលដ្ឋាននៃ​ភាពពិតជាក់ស្ដែង នោះមានន័យថា ក្នុងនាមជា​ប្រជាជនអាមេរិក យើងកំពុង ដើរលើផ្លូវឆ្ពោះ​ទៅរកការបោះបង់​ចោល​សេរីភាពរបស់​ពួកយើង»

គួរបញ្ជាក់ថា លោក រិច ធីល្លឺសុន ត្រូវបានលោក ដូណាល់ ត្រាំ បណ្ដេញ​ចេញពី​តំណែងជារដ្ឋមន្ត្រី​ការបរទេស​អាមេរិក កាលពីខែ​មីនាកន្លងទៅ បន្ទាប់ពីកាន់​តំណែងនេះច្រើន​ជាងមួយឆ្នាំ។ សម្រាប់លោក ធីល្លឺសុន វិបត្តិ​ក្រមសីលធម៌ និងភាព​សុច្ចចរិត គឺកំពុងគំរាម​កំហែងដល់​ប្រជាធិបតេយ្យ​អាមេរិក៕