(ប៉េកាំង)៖ ដោយមើលឃើញ​ស្ថានការណ៍ ​ឈានទៅរកភាពផុយស្រួយវិញនោះ ប្រទេសចិន​​បានចេញមុខ​អំពាវនាវ ឲ្យប្រទេស​កូរ៉េខាងជើង និង​សហរដ្ឋអាមេរិក ធ្វើការបន្ធូរបន្ថយ​​ភាពតានតឹង​ដែលលេចចេញ​ជាថ្មី និងកសាង​ស្ថានភាព​ល្អឡើងវិញ ដើម្បីបន្ត​គម្រៀង​រៀបចំជំនួប​ជាប្រវត្តិសាស្ត្រ​រវាងលោក គីម ជុងអ៊ុន និង​លោក ដូណាល់ ត្រាំ​ តាមការ​គ្រោងទុក។ នេះបើតាម​ការចេញផ្សាយ​ដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

អ្នកនាំពាក្យ​​ក្រសួងការ​បរទេស​ចិន លោក លូ កាង បានថ្លែង​​បញ្ជាក់​ថា «ស្ថានការណ៍​នៅតំបន់ឧបទ្វីប​កូរ៉េ​​​កំពុងតែបោះ​ជំហាន​​ទៅមុខ ទៅរកកិច្ចសន្ទនា និងភាព​ប្រសើរឡើង ជាមួយនឹងការ​ជម្នះស្ថានភាព​លំបាកៗទៅរកជ័យ​ជម្នះ ព្រមជាមួយនិង​ការស្វែងរកផល​ប្រយោជន៍រួម​សម្រាប់គ្រប់ភាគី ស្របទៅតាមការរំពឹង​ទុករបស់​អន្តរជាតិ។ ចិនសូម​អំពាវនាវឲ្យ​កូរ៉េខាងជើង និងអាមេរិក បង្កើតស្ថានភាព​ប្រសើរឡើង​វិញ ដើម្បីកិច្ចជំនួប​រវាងមេដឹកនាំ​ប្រទេស​ទាំងពីរ នៅ​ថ្ងៃអនាគត»

គួរបញ្ជាក់ថា ស្ថានភាព​ហាក់ដូចជា​កំពុងត្រឡប់​ទៅរកភាពតានតឹងវិញ ក្រោយកូរ៉េខាងជើង​ព្រមានថា ខ្លួននឹងពិចារណា​ឡើងវិញលើ​ការរៀបចំ ជំនួបជា​មួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បើសិនជា​ទីក្រុង​វ៉ាស៊ីនតោន នៅតែបង្ខំដដែលជាដដែលឱ្យខ្លួន​បោះបង់ចោល​អាវុធនុយក្លេអ៊ែរ ព្រមជាមួយនឹងការ​ធ្វើសមយុទ្ធយោធា​ប្រចាំឆ្នាំរវាង​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលចាប់​ផ្តើមប្រព្រឹត្តឡើង តាំងតែពី​ថ្ងៃទី១១ ខែឧសភា៕