(សេអ៊ូល)៖ ស្ថានភាព​ហាក់ដូចជាកំពុងត្រឡប់​ទៅរកភាពតានតឹងវិញ ក្រោយកូរ៉េខាងជើង​ព្រមានថា ខ្លួននឹងពិចារណា​ឡើងវិញលើ​ការរៀបចំ ជំនួបជា​មួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បើសិនជា​ទីក្រុង​វ៉ាស៊ីនតោន នៅតែបង្ខំដដែលជាដដែលឱ្យខ្លួន​បោះបង់ចោល​អាវុធនុយក្លេអ៊ែរនោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

បើតាមការ​គ្រោងទុក ជំនួបកំពូល​រវាងលោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន នឹងត្រូវធ្វើ​ឡើងនៅ​ថ្ងៃទី១២ ខែមិថុនា​ក្នុងប្រទេស​សិង្ហបុរី។ ប៉ុន្តែមុន​ជំនួបនេះ​កើតឡើង ភាពតានតឹង​ស្រាប់តែផ្ទុះឡើង​ជាថ្មី បន្ទាប់ពីកូរ៉េខាងជើង​សម្រេចចិត្តលុប​ចោលកិច្ច​ប្រជុំ​កម្រិត ខ្ពស់ជា​មួយកូរ៉េខាងត្បូង​នៅ​ថ្ងៃពុធនេះ ដោយសារតែ​ការធ្វើសមយុទ្ធ​យោធា​រវាងទីក្រុង​សេអ៊ូល និងទីក្រុង​វ៉ាស៊ីនតោន។

ដោយឡែក​ជុំវិញបញ្ហា​នេះដែរ សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA​ ផ្អែកលើការ​ស្រង់សម្ដីពី​អនុរដ្ឋមន្ត្រី​ការបរទេស លោក គីម គ្យេក្វាន (Kim Kye-gwan) បានឱ្យ​ដឹងយ៉ាងដូច្នេះថា «បើសិនជាសហរដ្ឋអាមេរិក​បង្ខំពួកយើង និងសម្រេចចិត្ត​ឯកតោភាគីដោយ​ស្នើជាដដែលៗ​ឱ្យយើង បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ យើងនឹងមិន​ចាប់អារម្មណ៍​ទៀតឡើយលើ​កិច្ចសន្ទនា ហើយយើង​នឹងពិចារណា​ឡើងវិញថា តើយើង គួរតែត្រូវទទួល​យកជំនួបកំពូល​កូរ៉េខាងជើង-​អាមេរិក​ ឬក៏យ៉ាងណា»។

គួរបញ្ជាក់ថា ប្រតិកម្មរបស់​កូរ៉េខាងជើង​នៅពេលនេះ បានកើតមានឡើង ​ទំនងដោយសារតែ​សមយុទ្ធយោធា​រវាងសហរដ្ឋអាមេរិក និង កូរ៉េខាងជើង ដែលកំពុងប្រព្រឹត្តទៅរហូតដល់រយៈពេល ០២សប្ដាហ៍ ដោយ​ផ្ដើមពី​ថ្ងៃទី១១ ខែឧសភា នៅលើ​ទឹកដី​កូរ៉េខាងត្បូង។ សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ឈ្មោះ Max Thunder មានការចូលរួម​ពីយន្ដហោះ​ចម្បាំងជាង ១០០គ្រឿង ដែលនេះត្រូវ​បានទីក្រុង​ព្យុងយ៉ាង​ចាត់ ទុកថា គឺជាសកម្មភាព​ត្រៀម​ឈ្លានពានប្ដូរ​របបដឹកនាំ លោក គីម ជុងអ៊ុន៕