(គូឡាឡាំពួ)៖ អតីតមេដឹកនាំគណបក្ស​ប្រឆាំង​ម៉ាឡេស៊ី គាឌីឡាន រ៉ាក់យ៉ាត (Keadilan Rakyat) ឬ PKR លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ត្រូវបានគេ​ដោះលែងឱ្យ​មានសេរីភាព​វិញហើយ នៅថ្ងៃពុធនេះ បន្ទាប់ពីទទួល​បានព្រះរាជទាន​ទោសពី​ព្រះមហាក្សត្រ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

ក្រោមទឹកមុខ​ប្រកបដោយ​ស្នាមញញឹម លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានដើរចេញ​ពីមន្ទីរពេទ្យ​មួយកន្លែង ក្នុងទីក្រុង​គូឡាឡាំពួ ជាទី​ដែលលោក​ទទួលការវះកាត់​បញ្ហាស្មា ជាមួយ​សំឡេងស្រែកហូរស្វាគមន៍​ពីអ្នកគំាទ្ររបស់​លោក។ ប៉ុន្តែលោក​មិនបាន​អត្ថាធិប្បាយអ្វី ទៅកាន់អ្នក​សារព័ត៌មាន​ឡើយ មុននឹងលោក​ជិះរថយន្ដចាក​ចេញ​ទៅភ្លាមៗ។

លោក Anwar Ibrahim និងភរិយា​លោកស្រី វ៉ាន់ អាហ្ស៊ីហ្សាហ៍ វ៉ាន់ (Wan Azizah Wan) ដែលទើបតែត្រូវបាន​តែងតាំងជា​ឧបនាយករដ្ឋមន្ត្រី ត្រូវបានកោះ​អញ្ជីញ​ឱ្យចូលគាល់​ព្រះមហាក្សត្រ អ៊ូលតង់ មូហាំម៉េដ ទី ៥ (Sultan Muhammad V) នៅម៉ោង ១២៖៣០នាទី​ថ្ងៃត្រង់ នៅឯព្រះ​បរមរាជវាំង។

គួរបញ្ជាក់ថា លោក Anwar ដែលបច្ចុប្បន្ន​មានអាយុ ៧០ឆ្នាំ ត្រូវបានតុលាការ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​អស់រយៈពេល ០៥ឆ្នាំ កាលពី​ខែកុម្ភៈ ឆ្នាំ២០១៥ ពីបទរំលោភ​បំពាន​ផ្លូវភេទ​លើ​អតីតមនុស្ស​ជំនិតម្នាក់ បើទោះជា​លោកបដិសេធ ហើយគេមើល​ឃើញថា វាជាចេតនា​នយោបាយ​ក៏ដោយ។ មួយវិញទៀត ការដោះលែង​រូបលោកកើតមាន​ឡើងក្រោយមាន​ការសន្យាពីនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីថ្មី លោក មហាធៀ មហាម៉េដ ខណៈអ្នកជំនាញ​ខ្លះយល់ថា លោកនឹងក្លាយ​ជានាយករដ្ឋមន្ត្រី បន្ទាប់ពី​លោកមហាធៀ មានអាយុ ៩២ឆ្នាំ ដែលបាននិយាយ​ក្នុងបទសម្ភាសន៍​កាលពីថ្ងៃអង្គារ ជាមួយ​សារព័ត៌មាន Wall Street Journal ថា លោកនឹងកាន់អំណាច​ក្នុងរយៈ​ពេលមួយ ឬពីរឆ្នំាតែប៉ុណ្ណោះ។