(ញូដេលី)៖ មនុស្សយ៉ាង​តិចចំនួន ១៩នាក់ បានបាត់​បង់ជីវិត និងជាច្រើននាក់​ទៀត ត្រូវគេជឿជាក់ថា បានជាប់កប់​នៅក្រោម​គំនរ​បាក់​បែក ក្រោយ​ពីស្ពាន​អាកាសមួយខ្សែ ដែលសាងសង់​ពុំទាន់រួចនៅ​ឡើយ​បានបាក់ស្រុត ​ធ្វើឲ្យមានការភ្ញាក់​ផ្អើលជាខ្លាំង នៅឯរដ្ឋ យូតតាប្រាដែស (Uttar Pradesh) ភាគខាងជើង​​ប្រទេសឥណ្ឌា។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ​២០១៨។

មកទល់ពេល​នេះសាក​សព ១៩នាក់ ត្រូវបានគេទាញ​ចេញពីគំនរ​បាក់បែក ខណៈមនុស្ស​យ៉ាងតិច​ចំនួន ៣០នាក់ បានរងរបួសធ្ងន់​និងស្រាល ប៉ុន្តែអាជ្ញាធរ​ឥណ្ឌា ព្រួយបារម្ភថា ចំនួនមនុស្ស​ស្លាប់អាចនឹងមាន​ការកើនឡើងថែមទៀត ពីព្រោះថា អាច​នៅមានអ្នកជាប់ខ្លួនជាច្រើន​នាក់​​ទៀត។ ស្ពាន​អាកាស​ខាងលើ​បាន​បាក់​ស្រុត​នៅ​​សង្កាត់ វ៉ារ៉ាណាស៊ី (Varanasi) ចម្ងាយប្រហែល​ ៣០៦គីឡូម៉ែត្រ ភាគខាង​អាគ្នេយ៍​ទីក្រុងឡាក់ណាវ (Lucknow) នៃរដ្ឋ Uttar Pradesh។

គួរជម្រាបថា ជុំវិញសោកនាដកម្ម​ដ៏អាក្រក់នេះ រដ្ឋមន្រ្តីនៃរដ្ឋ Uttar Pradesh បានចូលរួម​មរណៈទុក្ខ​ដល់ក្រុមគ្រួសារ​ជនរងគ្រោះ និងបាន​​ប្រកាសប្រគល់​ថវិកាចំនួន ៧,៣២២ដុល្លារ ដល់សម្រាប់គ្រួសារ​នៃអ្នកដែលបានស្លាប់ និង ២,៩២៨ដុល្លារ ទៅដល់អ្នក​ដែលបានទទួល​រង​របួស។ ជាមួយគ្នានេះ​ការស៊ើប​អង្កេត ក៏ត្រូវ​បានបើក​ទៅលើហេតុការណ៍​នេះ​ផងដែរ៕