(អាមេរិក)៖ វិទ្យាស្ថាន NAI របស់ទីភ្នាក់ងារ​អវកាសអាមេរិក NASA បានផ្តល់​មូលនិធិ​សម្រាប់រយៈពេល ០៥ឆ្នាំ ទៅកាន់​ក្រុម​ស្រាវជ្រាវចំនួន ០៣ក្រុម ដែលនឹងធ្វើការ​តាមប្រមាញ់រុករក​ជីវិតក្រៅភព នៅក្នុងចក្រវាឡយើងនេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពីព វែបសាយ Space.com នៅ​ព្រឹក​ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

ក្រោមកិច្ចផ្តួចផ្តើមដើម្បី​ធ្វើការស្រាវជ្រាវទៅ​លើ​លទ្ធភាព នៃវត្តមានជីវិត​​នៅក្នុងចក្រវាឡ ​ក្រុម​អ្នកវិទ្យាសាស្រ្តអន្តរជាតិ​​ខាងលើ ដែល​ត្រូវ​បាន​​ជ្រើស​រើស​​ដោយអង្គការ NASA ក្នុងមួយក្រុម​នឹងទទួលបានថវិកាឧបត្ថម្ភ​ប្រមាណ ០៨លានដុល្លារ សម្រាប់​រយៈពេល ០៥ឆ្នាំ ដើម្បី​​បំពេញការងារ​តាមស្វែងរកជីវិត​អេលៀន​របស់​ពួកគេ។

ការស្វែងរកជីវិត​អេលៀន គឺជាបេសកកម្មនាំ​មុខមួយសម្រាប់ NASA ដើម្បីស្វែងរក​ជីវិតណាមួយ ដែលអាចកើតមាននៅទីកន្លែង​ផ្សេងក្រៅពី​ភពផែនដី មិនថាតែ​នៅ​ព្រះច័ន្ទ ឬក៏ភពផ្សេងៗ​នៅក្នុងប្រព័ន្ធ​ព្រះអាទិត្យយើង ឬមួយក៏​ភពអេលៀន​ផ្សេង​ទៀត ដែលកំពុងគោចរ​​នៅជុំវិញ​ផ្កាយ​ផ្សេង ដែលមានចម្ងាយ​រាប់ឆ្នាំពន្លឺពីយើង​នោះ​ឡើយ។

គួរជម្រាបថា ទីភ្នាក់ងារ​អវកាស NASA មានបេសកកម្ម​មួយចំនួន ដែលនឹងផ្តល់​ទិន្នន័យ នៅក្នុងការស្វែងរក​ជីវិតក្រៅភពក្នុងនោះ​រួមមាន​ ​បេសកកម្មកែវយឺតអវកាស TESS ដែលកំពុងធ្វើដំណើរទៅតាមរុករកភពថ្មី នៅជុំវិញប្លុក​ផ្កាយដែលនៅក្បែរ​យើងបំផុត, របកគំហើញរបស់​​យានអវកាស Cassini នៃសមាសធាតុផ្សំ​ដែលសំខាន់​សម្រាប់ជីវិត នៅក្នុង​​បរិយាកាស​នៃ Enceladus ដែលជាព្រះច័ន្ទ​របស់ភពសៅរ៍ (Saturn), បេសកកម្មយាន​អវកាស Europa Clipper ដែលត្រូវបានគេ​គ្រោងនឹង​ទៅធ្វើ​ការស្រាវជ្រាវ​រុករកនៅ​​លើព្រះច័ន្ទ Europa របស់ភព​ព្រហស្បតិ៍ (Jupiter), និងបេសកកម្ម​យានរ៉ូវើ​ឆ្នាំ២០២០៕