(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.១រ៉ិចទ័រ បានវាយប្រហារ​ខេត្ត​ប៉ាពួ (Papua) ដែលស្ថិតនៅ​ក្នុងតំបន់​ប៉ែកខាងកើត នៃប្រទេស​ឥណ្ឌូណេស៊ី​​នា​ថ្ងៃពុធនេះ ដោយវាបាន​ញ័រ​ចេញពីក្នុង​ជម្រៅដី ១១១គីឡូម៉ែត្រ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​​ថ្ងៃ​ពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

គួរជម្រាបថា ប្រទេស​​ឥណ្ឌូណេស៊ី​ងាយនឹងកើតមាន​​គ្រោះរញ្ជួយដី ដោយសារតែ​ប្រទេស​អាស៊ាន​​មួយនេះ ស្ថិតនៅចំពីលើតំ​បន់​​ខ្សែក្រវាត់​​ភ្នំភ្លើងប្រចាំ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែលគេ​ហៅថា «The Pacific Ring of Fire» ដូចទៅហ្នឹងហ្វីលីពីន ក៏ដូចជាជប៉ុនដែរ។

យ៉ាងណាមិញ សម្រាប់គ្រោះរញ្ជួយផែនដីខាងលើនេះ គេពុំទាន់ដឹងច្បាស់នៅឡើយទេថា តើ​វាបានបង្កឲ្យមាន​មនុស្ស​រងគ្រោះ ឬក៏បំផ្លិច​បំផ្លាញដែរ​ឬក៏​អត់​​នោះទេ៕