(យូអិន)៖ សហរដ្ឋអាមេរិក​បានសម្រេចរារាំង​ការអនុម័ត​​​​ នៃសេចក្តីថ្លែងការណ៍​​មួយ របស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​មានបំណង​អំពាវនាវឲ្យ​បើកការស៊ើប​អង្កេត​ឯករាជ្យមួយ ទៅលើអំពើហិង្សា​ដ៏មហាប្រល័យ នៅតំបន់ព្រំដែន​អ៊ីស្រាអែល-ហ្គាហ្សា។ នេះបើ​តាម​ការបង្ហើបឲ្យដឹង​ពី​​ក្រុមមន្រ្តី​ទូត​ UN ដកស្រង់​ដោយ ទី​ភ្នាក់ងារបារាំង AFP នៅព្រឹក​ថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

បើតាមទីភ្នាក់ងារ​ព័ត៌មាន AFP ​ក្រុមប្រឹក្សា​សន្តិសុខ UN នៅក្នុងសេចក្តី​ព្រាងនៃសេចក្តីថ្លែងការណ៍​ខាងលើ បានសម្តែង​ការខឹង​សម្បារ ​និង​​ការសោកស្តាយ​របស់ខ្លួន ចំពោះការសម្លាប់​អាយុជីវិត​ជនស៊ីវិល​ប៉ាឡេស្ទីន ដែលព្យាយាម​ប្រើប្រាស់សិទ្ធិ​​របស់ពួកគេ ក្នុងការធ្វើបាតុកម្ម​​ដោយសន្តិវិធី។ បន្ថែមពីនេះ ក្រុមប្រឹក្សាសន្តិសុខ​ នៃអង្គការសហប្រជាជាតិ ក៏បានអំពាវនាវ​ឲ្យមានការ​ស៊ើបអង្កេតប្រកប​ដោយ​ឯករាជ្យ​ភាព ​និងតម្លាភាព ទៅលើទង្វើ​ទាំងនេះ​ផងដែរ ដើម្បីធានា​ឲ្យបាននូវការ​ទទួល​ខុសត្រូវ។

គួរជម្រាបថា នៅក្នុងការផ្ទុះអំពើហិង្សា​យ៉ាងព្រៃផ្សៃ​​​រវាង​អ៊ីស្រាអែល-ប៉ាឡេស្ទីនស្រប​ពេល​ដែលស្ថានទូតអាមេរិកថ្មី​​​នៅទីក្រុងហ្សេរុយ​សា​ឡឹម ត្រូវបានបើក​សម្ពោធនោះជនជាតិ​ប៉ាឡេស្ទីន​យ៉ាងតិច ៥៩នាក់ បានស្លាប់ និងជិត ៣,០០០នាក់ បានទទួលរងរបួស​៕​​