(អូទ្រីស)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) បានសាទរ​ចំពោះគម្រោងរុះរើ​ចោល​ ទីតាំងធ្វើតេស្ត​អាវុធ​នុយ​ក្លេអ៊ែរ នៅក្នុងប្រទេស​កូរ៉េខាងជើង​ និងសង្កត់ធ្ងន់ថា វាជាជំហានដ៏សំខាន់​នៃការកសាង​ទំនុកចិត្ត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី ទីភ្នាក់ងារ​​ព័ត៌​មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃអង្គារ ទី១៥​ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុងវីយែន (Vienna) នៃប្រទេស​អូទ្រីស ដើម្បីចូលរួម​សន្និសីទ UN លោក Guterres បាននិយាយ​ដូច្នេះថា «ខ្ញុំសូមចូលរួម​ស្វាគមន៍​រឿងនេះ និង​ដើម្បី​និយាយថា ការបិទ​ទីតាំង​ធ្វើតេស្ត​នុយក្លេអ៊ែរ ដែលពុំអាច​បកក្រោយ​បាន​នេះ នឹងក្លាយជាវិធានការ​កសាងទំនុកចិត្ត​ដ៏សំខាន់​មួយ ដែលនឹង​ចូលរួមចំណែក​បង្កើន​កិច្ច​ប្រឹងប្រែង ឆ្ពោះទៅលើការ​លុបបំបាត់​អាវុធ​​នុយ​ក្លេអ៊ែរ​ដែលអាច​ទទួល​យកបាន ព្រមទាំងសន្តិភាព​ប្រកបដោយ​ចីរភាព នៅ​ឧបទ្វីបកូរ៉េ»។

គួរជម្រាបថា កូរ៉េខាងជើង​កាលពីចុង​សប្តាហ៍មុន បានប្រកាសពី​ការសម្រេចចិត្ត​របស់ខ្លួន ជុំវិញ​ការរុះរើ​​ក៏ដូចជាកម្ទេចមូលដ្ឋាន​ ធ្វើការសាក​ល្បងអាវុធនុយក្លេអ៊ែរ ផុងគ្យេរី (Punggye-ri) ដែលស្ថិតនៅលើភាគ​ខាងជើង​ប្រទេសចោល។ ជាមួយគ្នា​នេះ លោក Guterres ក៏បានបង្ហាញ​ក្តីសង្ឃឹមទៀតថា ​​​​​​បញ្ហានុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ នឹងទទួលបាន​លទ្ធផលវិជ្ជមាន​ថែមទៀត នៅក្នុងជំនួបកំពូល​ជាប្រវត្តិសាស្រ្ត​​រវាង​មេដឹកនាំ​សហរដ្ឋអាមេរិក​ និងកូរ៉េខាងជើង នៅប្រទេសសិង្ហបុរី​នាថ្ងៃទី១២ ខែមិថុនាខាងមុខ៕