(សេអ៊ូល)៖ វិមានប្រធានាធិបតី​កូរ៉េខាងត្បូង នៅ​ថ្ងៃអង្គារនេះ​បានឱ្យដឹងថា កូរ៉េខាងជើង​បានស្នើមកកាន់​កូរ៉េខាងត្បូង ​ឱ្យរៀបចំកិច្ច​ប្រជុំកំរិតខ្ពស់មួយ​ថ្ងៃពុធស្អែកនេះ នៅឯភូមិផាន់មុនចុម (Panmunjom) នៃតំបន់ព្រំដែន​គ្មានយោធារវាង​ប្រទេស​ទាំងពីរ។ នេះបើតាម​ការចេញ ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១៨។

យោងតាមវិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង ទីក្រុងព្យុងយ៉ាង​បានស្នើឱ្យមាន​ការរៀបចំកិច្ច​ប្រជុំ​កំរិតខ្ពស់មួយ​​ នៅឯអគារ​សន្តិភាព​នៃភូមិ Panmunjom ស្ថិតនៅប៉ែកទឹកដីកូរ៉េខាងត្បូង។​ ចំណែកឯ​ទីក្រុងសេអ៊ូល​វិញ ក៏ត្រូវបានគេ​រាយការណ៍ថា នឹងផ្ញើកំណត់​សម្គាល់​មួយទទួលយកសំណើនេះ​ ទៅកាន់​កូរ៉េខាងជើង​វិញដែរ។

គួរបញ្ជាក់ថា ការស្នើរៀបចំ​កិច្ចប្រជុំរបស់​កូរ៉េខាងជើង កើតមានឡើង​ក្រោយមេដឹកនាំ​កូរ៉េទាំងពីរ បានជួបគ្នាក្នុងកិច្ច​ប្រជុំកំពូលអន្តរ​កូរ៉េ​លើកទី ៣ កាលពី​ថ្ងៃទី២៧ ខែមេសា​កន្លងទៅ និងនៅមុនពេល​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ត្រូវជួបគ្នា​ក្នុងប្រទេស​សិង្ហបុរី នៅថ្ងៃ១២ ខែមិថុនា​ខាងមុខ​នេះ៕