(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ចិន ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទិសដៅ​ហោះហើរ ទៅចុះចតនៅអាកាសដ្ឋាន​មួយផ្សេង​ទៀតភ្លាមៗ បន្ទាប់ពីមាន​សេចក្ដីរាយការណ៍​ថា យន្ដហោះ​នេះមានបញ្ហាម៉ាស៊ីន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ ក្រោយទទួល​បាន​ព័ត៌មាន​ផ្លូវការ ពីអាជ្ញាធរ​​អាកាសចរណ៍ ស៊ីវិលចិន​នៅរសៀល​ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។

ជើងហោះ​ហើរលេខ 3U8633 ប្រតិបត្តិដោយក្រុមហ៊ុន​អាកាសចរណ៍ ស៊ីឈន់ (Sichuan Airlines) ដំបូងឡើយមាន​គោលដៅហោះ​ហើរពី​ទីក្រុង ចុងគីង (Chongqing) ភាគនិរតីប្រទេស​ចិន ឆ្ពោះទៅ​កាន់ទីក្រុង ឡាសា (Lhasa) នៃតំបន់ស្វយ័តទីបេ ប៉ុន្តែត្រូវបង្ខំចិត្ត​ផ្លាស់ប្ដូរផ្លូវហោះហើរ ឆ្ពោះមក​កាន់ទីក្រុង ចេងទូ (Chengdu) នៃខេត្ត ស៊ីឈន់ (Sichuan) វិញ។

បើតាមអាជ្ញាធរ​អាកាសចរណ៍​ស៊ីវិលចិន (CAAC)​ ផ្នែកមួយនៃ បង្អួចកាប៊ីន​អ្នកបើកបរ​យន្ដហោះ​បានរងការ​ខូចខាត នៅពេល​យន្ដហោះ Airbus A319 នេះហោះ​ពីលើ​ទីក្រុង Chengdu។ ចំណែកឯ ក្រុមពីឡុត​បានទាក់ទង​ទៅកាន់លេខ​សង្រ្គោះបន្ទាន់ ៧៧០០ និងបានចុះចត​ភ្លាមៗនៅឯ​អាកាសយានដ្ឋាន​ទីក្រុង Chengdu នៅ​ម៉ោង ៧៖៤៦នាទី ព្រឹក។

គួរបញ្ជាក់ថា យន្ដហោះខាងលើ​មានផ្ទុកអ្នកដំណើរ​សរុប ១១៩នាក់ និងសមាជិកអាកាស​យានិក ០៩នាក់ ហើយអ្នកទាំង​នេះសុទ្ធតែ មានសុវត្ថិភាព​ទាំង​អស់គ្នា៕