(ម៉ូស្គូ)៖ ក្រសួង​ការពារជាតិ​រុស្ស៊ី នៅថ្ងៃចន្ទនេះ​បានបង្ហោះនៅលើ​ទំព័រ Facebook របស់ខ្លួននូវវីដេអូ​មួយដែលបង្ហាញ​ពីការគ្រប់គ្រង​ «ប្រព័ន្ធធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរនៅទូទាំង​ពិភពលោក»។ នេះបើ​តាមការចេញ​ផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ថ្លែងការណ៍មួយ ក្រសួងការពារ​ជាតិរុស្ស៊ីបាន​ឱ្យដឹងថា នេះគឺជាលើក​ដំបូងដែលក្រសួង​បានបង្ហាញ​ពីរបៀប ធ្វើការរបស់​អង្គភាព Special Control Service (SCS) នាឱកាស​ប្រារព្ធខួបលើក​ទី ៦០ នៃការបង្កើត​អង្គភាព​មួយនេះ។ សេចក្ដីថ្លែង ការណ៍​ដដែល​បញ្ជាក់យ៉ាងដូច្នេះថា «បន្ថែមពីលើការត្រួតពិនិត្យ​ការ​សាកល្បង​វុធនុយក្លេអ៊ែរ​នៅ​លើពិភពលោក SCS បាន​អនុវត្តន៍តាម​យ៉ាងខ្ជាប់ខ្ជួន​នូវសទ្ធិសញ្ញា​អន្តរជាតិ​ស្ដីពីការ​ដាក់កំហិត និងហាមឃាត់​ការធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ»

SCS ក៏បានធានា​ដែរពីការចូលរួមរបស់​រុស្ស៊ី នៅក្នុងយន្ដការ​ពិភពលោក សម្រាប់ការ​ត្រួតពិនិត្យលើសន្ធិសញ្ញាហាមឃាត់ ការធ្វើតេស្ដអាវុធ​នុយក្លេអ៊ែរ CTBT ព្រមទាំងធ្វើការសម្របសម្រួល​សកម្មភាព តាមរយៈរដ្ឋាភិបាល​សហព័ន្ធ និងបណ្ឌិត​សភា​វិទ្យាសាស្ត្ររុស្ស៊ី ក្នុងការអនុវត្ត​តាមសន្ធិសញ្ញានេះ៕