(ហ្សាការតា)៖ ករណីបំផ្ទុះគ្រាប់បែក​អត្តឃាត បានកើតឡើ​ង​នៅមុខច្រកចូល​របស់ស្ថានីយ​ប៉ូលិស​មួយកន្លែង ក្នុងទីក្រុង​សារ៉ាបេយ (Sarabay) នៃខេត្ត ជ្វាភាគខាងកើត (Java) ប្រទេសឥណ្ឌូណេស៊ី​នាព្រឹកថ្ងៃចន្ទនេះ ខណៈកាលពីម្សិលមិញ​ករណី​បំផ្ទុះគ្រាប់បែក​ យ៉ាងកក្រើកដល់ទៅ ​​០៤ករណី ទើបតែបាន​វាយប្រហារលើ​ទីក្រុងនេះ។ នេះបើតាមការដក​ស្រង់ការផ្សាយ​​ចេញ​ពី ​​ទីភ្នាក់​ងារ​ព័ត៌​មាន​​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។

បើតាមឃ្លីបវីដេអូ​ថតបានពីកាមេរ៉ា​សុវត្ថិភាព ហេតុការណ៍​ខាងលើនេះ​បានកើតមាន​ឡើង នៅពេលដែល​ក្រុមជនសង្ស័យ​មានជិះម៉ូតូ​ពី​រ​គ្រឿង បានធ្វើដំណើរ​មកច្រកចូលនៃ​ស្ថានីយប៉ូលិស ដែលស្ថិត​នៅលើ​ដងវិថី Sikatan នាវេលា​ម៉ោង ០៨៖៥០នាទី​ព្រឹក (ពេលវេលា​នៅ​ទីក្រុង​ហ្សាការតា) ហើយខណៈកំពុងត្រូវ​បានកម្លាំងប៉ូលិស​ ដែលនៅយាម​នៅមាត់ផ្លូវ​ធ្វើការសួរនាំ ជនទាំងនោះ ក៏បានបំផ្ទុះ​គ្រាប់បែក​​ឡើង​តែម្តង។

គួរជម្រាបថា បើអ្នកនាំ​ពាក្យប៉ូលិស​ខេត្តជ្វាភាគខាងកើត មនុស្សចំនួន ០៧នាក់ បានបាត់បង់ជីវិត​នៅក្នុងហេតុការណ៍​ខាងលើនេះ ដែលបាន​កើតឡើង តែមួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពីមានករណី​បំផ្ទុះគ្រាប់បែក​អត្តឃាត​ ទៅលើព្រះវិហារ​គ្រិស្ត ០៣កន្លែង និងនៅក្នុង​ផ្ទះល្វែង​មួយកន្លែង នៅឯទីក្រុង​ដ៏ធំទីពីរ​ នៃប្រទេស​ឥណ្ឌូណេស៊ីមួយនេះ ដែលបានផ្តាច់​ជីវិតមនុស្សសរុប​យ៉ាងតិច ១៤នាក់ និងរបួសជាង៤០នាក់ ដោយ​​អាជ្ញា​ធរបានដាក់​ការ​សង្ស័យថា ជាស្នាដៃរបស់​បណ្តាញ​ក្រុម ISIS៕