(រ៉ង់ហ្គូន)៖ សារព័ត៌មាន​មីយ៉ាន់ម៉ា Global New Light នៅថ្ងៃចន្ទនេះ​បាន​រាយការណ៍ថា អាជ្ញាធរទេសចរ​មីយ៉ាន់ម៉ា​កំពុងខិត ខំប្រឹងប្រែង​អភិវឌ្ឍន៍តំបន់ទេសចរណ៍​រូងភ្នំ​បុរាណ អ៊ីសាថារ៉ា (Esathara) ក្នុង​ទីក្រុង ហាផា-អាន (Hpa-an) នៃរដ្ឋ​កាយីន (Kayin) ស្ថិតនៅ​ភាគខាងជើង​នៃប្រទេស ជាមួយ​ការធានាថា នឹងមិនបំផ្លាញ​ដល់បរិស្ថាន​ធម្មជាតិ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។

បើតាម Global New Light អាជ្ញាធរ​មីយ៉ាន់ម៉ា កំពុងសាងសង់​ផ្លូវជាច្រើន​សម្រាប់​ភ្ញៀវទេសចរ និងកែលម្អរផ្លូវចូល​ទៅកាន់​តំបន់​រូងភ្នំ Esathara ដែល​មាន​​ជំរៅ ៣០០ម៉ែត្រ ស្ថិតតំបន់ភ្នំ Esathara ក្បែរភូមិណងផាឡេន (Naungpalain)។ គេអាចធ្វើដំណើរ​ទៅកាន់រូងភ្នំ​បុរាណ​នេះ តាមផ្លូវ ហាផាអាន ហ្លេងវ៉េ (Hpa-an-Hlaingbwe) និងផ្លូវ មីបងណងផាឡេន (Mebaung-Naung Palain)។

គួរបញ្ជាក់ថា ទីក្រុង Hpa-an គឺជាបេះដូង​នៃវិស័យទេសចរណ៍​ប្រចាំរដ្ឋ Kayin ដែលសម្បូរទៅ​ដោយរូងភ្នំ​ធម្មជាតិ ផ្ទះប្រពៃណី និងវប្បធម៌ ទឹកធ្លាក់ រួមទាំងគោលដៅ​ទេសចរណ៍​ជាច្រើនទៀត សម្រាប់ឱ្យ​ទីក្រុងមួយនេះ​ត្រៀមធ្វើជាម្ចាស់​ផ្ទះ​ ទទួលរួមចំកិច្ចប្រជុំ ទេសចរណ៍​អាស៊ានប្រកបដោយ​ចីរភាព​ក្នុងឆ្នាំ​២០១៨នេះ៕