(វ៉ាស៊ីនតោន)៖ ស្ថានទូតអាមេរិក​នៅក្នុងទីក្រុងតែល​អាវីវ ប្រទេស​អ៊ីស្រាអែល នឹងត្រូវផ្លាស់ប្ដូរជាផ្លូវការ​ទៅកាន់ទីក្រុង​ហ្សេរុយសា​ឡឹម នៅថ្ងៃចន្ទនេះ (ម៉ោងនៅ​ក្នុងតំបន់) បន្ទាប់ពីការសម្រេច​ចិត្តដ៏​ចម្រូចម្រាស់​ របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ទទួលស្គាល់​ទីក្រុងហ្សេរុយសាឡឹម​ ជារបស់អ៊ីស្រាអែល​ផ្ដាច់មុខ ហើយវាក៏ចំថ្ងៃខួបដែលអ៊ីស្រាអែល ប្រកាសឯករាជ្យ​ជាផ្លូវការ​ផងដែរ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែឧសភា ឆ្នាំ២០១៨។

កាល​ពីខែឆ្នូ ឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានប្រកាស​ទទួលស្គាល់ថា ទីក្រុង​ហ្សេរុយសាឡឹម​ជារដ្ឋធានីរបស់​អ៊ីស្រាអែល ហើយសន្យាថា​នឹងផ្លាស់​ប្ដូរស្ថានទូត​អាមេរិកមកកាន់ទីក្រុង​មួយនេះ ដែលត្រូវបាន​ប៉ាឡេស្ទីនចាត់​ទុកថា ជាទឹកដី​ដ៏ពិសិដ្ឋ​របស់ខ្លួន។ មួយ​វិញទៀត ក្រោយការ​ប្រកាសនេះ បណ្ដាប្រទេសជាច្រើន រួមទាំងអង្គការ​សហប្រជាជាតិបាន​ថ្កោលទោស​យ៉ាងខ្លាំង បើទោះជា​ក្រុមប្រឹក្សា​សន្តិសុខ UN បរាជ័យ​ក្នុងការចេញ​សេចក្ដីថ្លែងការណ៍​រួម​ ថ្កោលទោស​ទីក្រុងវ៉ាស៊ីនតោន​ក៏ដោយ។

ចំណែកឯប្រទេស ហ្គាតេម៉ាឡា និងប៉ារ៉ាហ្កាយ បាននិយាយថា ពួកគេនឹងផ្លាស់​ប្ដូរស្ថានទូតតាម​សហរដ្ឋអាមេរិក ខណៈប្រទេស​មួយចំនួន​ធំ​សម្រេចចិត្ត រក្សា​បេសកកម្មការទូត​របស់ពួកគេ ក្នុងទីក្រុងតែល អាវីវ​ដដែល។

គួរជម្រាបថា ពិធីបើកស្ថានទូតអាមេរិក ក្នុងទីក្រុងហ្សេរុយសាឡឹម​នឹងត្រូវប្រព្រឹត្ត​ទៅក្រោមការចូលរួម​ពីរដ្ឋមន្ត្រីរតនាគារជាតិ អាមេរិក លោក ស្ទេវិន ម៉ានូជីន (Steven Mnuchin), កូនស្រីលោក ដូណាល់ ត្រាំ គឺអ្នកនាង អ៊ីវ៉ាន់កា (Ivanka) រួមទាំងស្វាមី និងជាទីប្រឹក្សា​លោក ត្រាំ លោក ហ្សារែដ គូស្នឺ (Jared Kushner) ផងដែរ៕