(រ៉ង់ហ្គូន)៖ ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ប្រកាន់គោលជំហរអត់ធ្មត់ ហើយចាត់វិធានការជាក់ស្តែង​និងប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់កុំឲ្យស្ថានការណ៍កាន់តែអាក្រក់ បន្ទាប់ពីអំពើហិង្សា​មួយបានផ្ទុះឡើងសាជាថ្មី​​ រវាង​កង​ទ័ព​​ក៏ដូច​ជាប៉ូលិសមីយ៉ាន់ ជាមួយក្រុម​ឧទ្ទាមប្រដាប់អាវុធ​នៅក្រុង Muse ភាគខាងជើងប្រទេសអាស៊ានមួយនេះ ដែលបានផ្តាច់ជីវិតមនុស្ស​និង​បង្ក​ឲ្យរបួសជាច្រើននាក់ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ២០១៨។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ស្ថានទូត​ ប្រជាជនមីយ៉ាន់ម៉ាមួយចំនួន ដែលរស់នៅតាមតំបន់ព្រំដែន បានរត់ភៀសខ្លួនចូល​ទៅ​ក្នុង​ប្រទេសចិន ហើយគ្រាប់កាំភ្លើងខ្លះក៏បានរាលដៅដល់ទឹកដីប្រទេសចិនផងដែរ។​ ដោយថ្កោលទោសចំពោះអំពើហិង្សានិងចូលរួមសោក​ស្តាយសម្រាប់អ្នករងគ្រោះនិងបាត់បង់ជីវិត រដ្ឋាភិបាលចិនបានទទូចឲ្យ​ភាគីពាក់ព័ន្ធទាំងអស់ ធានាឲ្យបាននូវសុវត្ថិភាពនៃអាយុជីវិតនិង​ទ្រព្យសម្បត្តិរបស់ប្រជាជននៅតាមព្រំដែនប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍ខាងលើ បានអំពាវនាវឲ្យ​គ្រប់ភាគីពាក់ព័ន្ធ ពង្រឹងកិច្ចសន្ទនាចរចា, លើកស្ទួយទំនុកចិត្តទៅវិញទៅមក, និង​បោះជំហាន​ឆ្ពោះទៅរកទិសដៅរួមគ្នា ដើម្បីដើរតួនាទីស្ថាបនា ក្នុងការលើកកម្ពស់កិច្ចផ្សះផ្សាជាតិ ព្រមទាំងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពនៃប្រទេស​មីយ៉ាន់ម៉ា។

គួរជម្រាបថា មនុស្សយ៉ាងតិចចំនួន១៩នាក់ រួមមានប៉ូលិសម្នាក់ ជនសកម្មប្រយុទ្ធ០៤នាក់ និងជនស៊ីវិលស្លូតត្រង់១៤នាក់ បានបាត់បង់ជីវិត​ និង២៧នាក់ផ្សេងទៀត បានទទួលរងរបួស នៅក្នុងការវាយប្រហារ ដោយក្រុមឧទ្ទាមប្រដាប់អាវុធ នៅក្រុង Muse នៃរដ្ឋ Shan ភាគខាង​ជើងមីយ៉ាន់ម៉ា គឺក្រុម Kachin Independence Army (KIA) និងក្រុម Ta'ang National Liberation Army (TNLA) ដែលបានរួមដៃគ្នា។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីរដ្ឋាភិបាលមីយ៉ាន់ម៉ា៕