(ហ្សាការតា)៖ ​ក្រុមជនបំផ្ទុះគ្រាប់បែកអត្តឃាត ​នាថ្ងៃអាទិត្យបានធ្វើសកម្មភាពវាយប្រហារ ទៅលើព្រះវិហារសាសនាគ្រឹស្តចំនួន០៣​កន្លែង​ខុសៗគ្នា នៅឯទីក្រុង Surabaya ដែលជាក្រុងធំជាងគេលំដាប់ទីពីរ​ របស់ប្រទេសឥណ្ឌូណេស៊ី ​នៅលើខេត្ត Java ខាងកើតនិង​បាន​​បណ្តាល​​ឲ្យ​​មនុស្ស​​បាត់​បង់​ជីវិត​​ចំនួន​០៦នាក់ និងរបួស៣៥នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨។

ហេតុការណ៍ដ៏រន្ធត់ខាងលើ បានកើតឡើងនៅព្រះវិហារកាតូលិក Santa Maria ក្នុងតំបន់ Ngagel Madya, ព្រះវិហារ Gereja Kristen នៅ​ផ្លូវ Diponegoro, និងព្រះវិហារ Pantekosta នៅផ្លូវ Arjuno។ ករណីបំផ្ទុះគ្រាប់បែកអត្តឃាតលើកទីមួយ បានកើតឡើងនៅម៉ោង០៧៖១៥នាទី​ព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងនៅហ្សាការតា) ហើយករណីពីរផ្សេងទៀត ​បានកើតឡើងតាមក្រោយជាមួយគម្លាតរយៈពេល០៥នាទីពី​គ្នា។

គួរជម្រាបថា ឥណ្ឌូណេស៊ី​ដែលជាប្រទេសមានអ្នកកាន់សាសនាអ៊ីស្លាមភាគច្រើននោះ ក៏ជាជម្រករបស់អ្នកដែលកាន់គ្រឹស្តសាសនា ព្រហ្មញ្ញ​សាសនា និងពុទ្ធសាសនា ក្នុងចំនួនច្រើនគួរសមផងដែរ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកជ្រុលនិយម បាន​ធ្វើ​សកម្ម​ភាព​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់ ប្រឆាំងអ្នកកាន់គ្រឹស្តសាសនា និងក្រុមភាគតិចដទៃទៀត៕