(តេហេរ៉ង់)៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចេញ​ពី​រដ្ឋ​ធានី​តេ​ហេ​រ៉ង់​ឆ្ពោះ​ទៅ​កាន់​ទីក្រុងប៉េកាំង នាថ្ងៃ​អាទិត្យ​នេះ ដើម្បីបើកការពិភាក្សាជុំវិញបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បន្ទាប់ពីសហរដ្ឋអាមេរិក ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀងអន្តរជាតិនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨។

បើតាមការបញ្ជាក់ពីក្រសួងការបរទេសអ៊ីរ៉ង់ នៅក្រោយការបំពេញទស្សនកិច្ចនៅឯប្រទេសចិន លោក Zarif នឹងបន្តធ្វើដំណើរទៅកាន់​រុស្ស៊ី និង​បណ្តាប្រទេសអឺរ៉ុបមួយចំនួនទៀត ដើម្បីផ្លាស់ប្តូរទស្សនៈ​ជាមួយដៃគូពាក់ព័ន្ធ អំពីការវិវត្តន៍ស្ថានការណ៍​នៃ​បញ្ហានុយក្លេអ៊ែរ​អ៊ីរ៉ង់។ ​វា​ច្បាស់​ណាស់ថា រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ កំពុងព្យាយាម​ស្វែងរកការធានាទំនុកចិត្តពីភាគីពាក់ព័ន្ធ ដើម្បី​បន្ត​រក្សា​កិច្ច​ព្រម​ព្រៀង​នុយក្លេ​អ៊ែរ ដែល​មាន​ឈ្មោះផ្លូវការថា JCPOA នេះ ក្រោយពីសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ លោក ដូណាល់ ត្រាំ បាន​សម្រេច​ដក​ខ្លួន​ចេញ​។

គួរជម្រាបថា កាលពីប៉ុន្មានថ្ងៃមុននេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ​ប្រទេសរបស់លោក នឹងដកខ្លួនចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ ហើយបន្តដាក់​ទណ្ឌកម្មសេដ្ឋកិច្ចក្នុងកម្រិតធ្ងន់ធ្ងរបំផុត ទៅលើទីក្រុងតេហេរ៉ង់ ដែលជាហេតុធ្វើឲ្យ​អន្តរជាតិ​​មានប្រតិកម្មជំទាស់ជាខ្លាំង។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តខាងលើនេះ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ដោយអ៊ីរ៉ង់ និង​សមាជិកអចិន្រ្តៃយ៍ទាំង០៥​នៃក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺចក្រភពអង់គ្លេស ចិន បារាំង រុស្ស៊ី និងអាមេរិក បូកជាមួយសហភាពអឺរ៉ុប​និងអាល្លឺម៉ង់៕