(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង បានប្រកាសនាយប់ថ្ងៃសៅរ៍នេះថា ខ្លួនកំពុងចាត់វិធានផ្នែកបច្ចេកទេស ដើម្បីធ្វើការរុះរើចោលនូវទីតាំង​ធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលស្ថិតនៅភាគខាងជើងប្រទេស ដោយទង្វើនេះគឺដូចទៅនឹងអ្វីដែល​ប្រមុខ​ដឹក​នាំកំពូល​របស់ទីក្រុង​ព្យុង​យ៉ាង​ គឺ លោក គីម ជុងអ៊ុន បានសន្យានៅអំឡុងកិច្ចប្រជុំអន្តរកូរ៉េ កាលពីចុងខែមុន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញ​ពី​ទីភ្នាក់​ងារ​​ព័ត៌​មាន​កូរ៉េ​ខាងត្បូង យុនហ៉ាប់ នៅយប់ថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។

ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដែលត្រូវបានពាំនាំបន្តដោយ​ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ដែល​​​បានធ្វើការរៀបរាប់លម្អិតអំពីគម្រោងរបស់ប្រទេសកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបិទទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Pyunggye-ri ចោល។ ​បើ​តាមប្រភពដដែល ​សម្រាប់ពិធីរៀបចំរុះរើកន្លែងសាកល្បងសព្វាវុធដ៏គ្រោះថ្នាក់លើពិភពលោកនេះវិញ ត្រូវបានគ្រោងនឹងប្រព្រឹត្ត​ទៅនា​​ចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែឧសភានេះ ដោយអាស្រ័យទៅលើស្ថានភាពធាតុអាកាស។

គួរជម្រាបថា យោងតាមការបញ្ជាក់របស់ក្រសួងខាងលើ ដោយសារតែទីធ្លាមានដែនកំណត់ មានតែអ្នកសារព័ត៌មានមកពីកូរ៉េខាងត្បូង ចិន រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ប៉ុណ្ណោះ ដែលនឹងត្រូវអញ្ជើញឲ្យមកតាមដាននិងធ្វើសេចក្តីរាយការណ៍ព័ត៌មាន អំពី​ដំណើរ​ការរុះរើទីតាំងធ្វើតេស្តអាវុធនុយក្លេអ៊ែរនេះ នៅហ្នឹងកន្លែងផ្ទាល់តែម្តង៕