(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ទីតាំងរៀបចំ​ជំនួបកំពូលជា​ប្រវត្តិសាស្ត្រ​រវាងលោក និង មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅនៅក្នុង​ប្រទេស​សិង្ហបុរី នៅថ្ងៃ​ទី១២ ខែមិថុនា ខាងមុខនេះ។ ថ្លែងនៅ លើ Twitter កាល​ពីថ្ងៃព្រហស្បតិ៍ លោក​ត្រាំ គូស​បញ្ជាក់ដូច្នេះ​ថា «ជំនួបកម្រិត​ខ្ពស់មុនកាលកំណត់​រវាងខ្ញុំ និងលោកគីម ជុងអ៊ុន នឹងត្រូវធ្វើ​ឡើងនៅប្រទេស​សិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនា​ខាងមុខនេះ... ហើយយើងទាំងពីរ​នឹងព្យាយាម​បង្កើតបរិយាកាស​ដ៏ពិសេស ដើម្បីសន្តិភាព​ពិភពលោក»។

ការថ្លែងបែបនេះ​របស់ លោក ត្រាំ កើតមានឡើង​បន្ទាប់ពីរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo បានត្រឡប់​មកពីបំពេញទស្សនកិច្ច​នៅកូរ៉េខាងជើង​ជាលើកទី ២ ដោយនំាមកជា​មួយពលរដ្ឋអាមេរិក ០៣នាក់ ដែលត្រូវបានអាជ្ញាធរ​ទីក្រុងព្យុងយ៉ាង ចាប់ឃុំខ្លួន​អស់រយៈពេលជា​ច្រើន​ខែមកនេះ។ ប៉ុន្តែខាង​កូរ៉េខាងជើង មិនទាន់ធ្វើ​ការអត្ថាធិប្បាយណាមួយ​ជុំវិញបញ្ហា​នេះទេ រីឯ​លោក ត្រាំ ក៏មិនបានបញ្ជាក់​ដែរថា ហេតុអ្វីលោក​ជ្រើសរើសយក​សិង្ហបុរី ទឹកដីអាស៊ីអាគ្នេយ៍​ជាកន្លែងជួបគ្នា។

ប៉ុន្មានសប្ដាហ៍ មុនការប្រកាស​របស់លោក ត្រាំ បណ្ដាសារព័ត៌មាន​ជាច្រើននាំគ្នាចុះផ្សាយ​ព្រោងព្រាត​ថា​ ជំនួប​អាមេរិក-កូរ៉េខាងជើង អាចនឹងត្រូវ​ធ្វើឡើងនៅទីក្រុង​ប៉េកាំង ប្រទេស​ម៉ុងហ្គោលី ប្រទេសស៊ុយអែត ប្រទេសស្វីស ទីក្រុង​ព្យុងយ៉ាង តំបន់ព្រំដែន​គ្មានយោធា ​រវាងកូរ៉េទាំងពីរ នាវាក្នុង​សមុទ្រ​អន្តរជាតិ និង​ប្រទេសសិង្ហបុរី។ ក្រោយមក​ទៀត លោក ត្រាំ បានអះអាងជា​ថ្មីថា លោកចង់ជួបលោក គីម នៅតំបន់​ព្រំដែនគ្មាន​យោធារវាង​កូរ៉េទាំងពីរ ឬប្រទេស​សិង្ហបុរី ហើយរហូតដល់​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ ទើបប្រធានាធិបតី​អាមេរិករូបនេះ​សម្រេច​ចិត្តរើស យក​ប្រទេស​សិង្ហបុរីជាចុងក្រោយ។ ​

* ហេតុអ្វីបាន​ជាលោក ត្រាំ រើសយកសិង្ហបុរី?

ទីមួយ៖ សិង្ហបុរី គឺជាប្រទេសមួយដែលមិនមានការ​គំរាមផ្នែកសន្តិសុខ​ ដោយសារតែភាពតាន​តឹងនៅក្នុង​តំបន់ និងអន្តរជាតិ។ មិនតែ ប៉ុណ្ណោះស្ថានភាព​នៅក្នុងស្រុក គឺល្អប្រសើរ​បំផុត នោះគឺគេមិន​រំពឹងឡើយថា នឹងមានបាតុកម្ម​តវ៉ាប្រឆាំង​លោក ត្រាំ និងលោក គីម នោះឡើយពេលអំឡុងកិច្ចជំនួបនេះប្រារព្ធឡើង។

ទីពីរ៖ សម្បូរទៅដោយ​សណ្ឋាគារ និងកន្លែងរៀបចំសន្និសីទ​មានលក្ខណៈ​ប្រណិតៗ ដែលលោក ត្រាំ និងលោក គីម អាចនឹងពេញ​ចិត្តដូចគ្នា។

ទីបី៖ ប្រើពេលតែ ០៦ម៉ោង ក្នុងការជិះយន្ដហោះ​ចេញពីទីក្រុងព្យុងយ៉ាង​មកកាន់សិង្ហបុរី ហើយដែលនេះ​គឺផ្ដល់ភាពងាយ​ស្រួលដល់ លោក គីម ខណៈមេដឹកនាំ​កូរ៉េខាងជើង​រូបនេះ​​ត្រូវបានគេរាយការណ៍​ថា មានជំងឺខ្លាចជិះ​យន្ដហោះ​ដូចលោក គីម អ៊ីលស៊ុង (ជីតា) និងលោក គីម ជុងអ៊ីល (ឪពុក)។

ទីបួន៖ ទាំងសហរដ្ឋអាមេរិក និង​កូរ៉េខាងជើង សុទ្ធតែមាន​តំណាងទូតរបស់ខ្លួន​នៅសិង្ហបុរី (ទំនាក់ទំនង​ការទូត​ជាផ្លូវការ)។

គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង​មួយចំនួន ក៏ធ្លាប់មកទស្សនកិច្ច​នៅសិង្ហបុរីផង​ដែរ ជាពិសេស​គឺកូរ៉េខាងជើង និងសិង្ហបុរី ជាសមាជិកនៃក្រុម​ប្រទេសមិនចូល​បក្សសម្ព័ន្ធ ដែលមាន​លោក គីម អ៊ីលស៊ុង ជាស្ថាបនិកដូចគ្នា។ លើសពី​នេះទៅ​ទៀត NGO Chosun Exchange ដែលកំពុង​ដំណើរការកម្មវិធីបណ្ដុះ​បណ្ដាល​ពាណិជ្ជកម្ម​ សម្រាប់សហគ្រិន​កូរ៉េខាងជើង និងក្រុម​សហគិ្រន​នៅក្នុង​ប្រទេសចិន កូរ៉េខាងជើង និងសិង្ហបុរី មានមូលដ្ឋាន​នៅសិង្ហបុរី​ស្រាប់៕

ប្រភព៖ សារព័ត៌មាន Asia Times