(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ហ្សាក់ នៅថ្ងៃសៅរ៍នេះ បាននិយាយថា លោកនឹង​លាលែងពីតំណែង​ជាប្រធានគណបក្ស​សម្ព័ន្ធជាតិ​ម៉ាឡេស៊ី ឬ (UMNO) និងគណបក្ស​កម្លាំងនយោបាយ​ចំរុះ បារីសាន (Barisan) បន្ទាប់ពី​លោកបាន​បរាជ័យ នៅក្នុង​ការបោះឆ្នោត​សកល​កាលពី​ថ្ងៃពុធ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។

លោក ណាជីប រ៉ាហ្សាក់ ធ្វើការប្រកាស​បែបនេះ បន្ទាប់ពីលោកត្រូ​វបាននាយកដ្ឋាន​អន្តោប្រវេសន៍​ ហាមឃាត់មិន​ឱ្យ​ចាកចេញពី​ប្រទេស ខណៈនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីថ្មី លោក មហាធា មហាម៉េដ សន្យាថា នឹងបើកការ​ស៊ើបអង្កេត​ឡើងវិញលើសំណុំ​រឿងពុក រលួយពាក់ព័ន្ធ​នឹង​មូលនិធិរដ្ឋ 1 Malaysia Development Berhad (1MDB) ដែល​លោក ណាជីប ផ្ទាល់​ជាអ្នក​​បង្កើត។ លោក ណាជីប ធ្លាប់បដិសេធ​ជាច្រើនដងថា លោក​បានប្រព្រឹត្ត​កំហុស​អ្វីដូចការ​ចោទ​ប្រកាន់​​នោះ​ទេ៕