(ញូដេលី)៖ រដ្ឋកាណាតាកា (Karnataka) នៃភាគខាងត្បូង​ប្រទេសឥណ្ឌា​ បានចាប់ផ្ដើម​ដំណើរការបោះឆ្នោត​ហើយ​នៅថ្ងៃសៅរ៍នេះ ដែល​គេមើល​ឃើញថា វាជាការចាប់ផ្ដើមមួយ​ឆ្ពោះទៅរកការបោះ​ឆ្នោតសកល​នៅឆ្នាំ២០១៩។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។

ក្រោមការរឹត​បន្តឹង​សន្តិសុខ ការបោះឆ្នោតបាន​ចាប់ផ្ដើមនៅ​ម៉ោង ៧៖០០នាទីព្រឹក (ម៉ោងនៅ​ក្នុងតំបន់) ហើយត្រូវបញ្ចប់​នៅម៉ោង ៩៖០០នាទីយប់ ដើម្បី ឱ្យគណបក្ស​នីមួយៗ ប្រកួតប្រជែង​ដណើ្ដមយក​អាសនៈ ២២២ ក្នុង​ចំណោម ២២៤ អាសនៈនៃសភា​ប្រចាំរដ្ឋ Karnataka ដែលកំពុង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយគណបក្ស​ប្រឆាំង​ដ៏ធំមួយ​ នៅក្នុងប្រទេស​ឥណ្ឌា។

គួរបញ្ជាក់ថា ដោយសារ​តែប្រទេស​ឥណ្ឌា​មានប្រជាជន​ច្រើន​ និង​មាន​ប្រព័ន្ធ​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ធ្វើឱ្យការ​បោះឆ្នោត​មាន​លក្ខណៈស្មុគស្មាញ​បន្តិច ដោយតំបន់ ឬរដ្ឋខ្លះ​ត្រូវចាប់ផ្ដើមរៀបចំ​ការបោះឆ្នោត​ជា​បណ្ដើរៗមុនរហូតដល់ទៅ​រាប់ខែមុនការបោះឆ្នោត​សម្រេចចុងក្រោយឯណោះ៕