(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារ​អវកាសអាមេរិក NASA កំពុងតែរៀបចំ​គំរោងនៅក្នុងការ​បញ្ជូនឧទ្ធម្ភាគចក្រ​ខ្នាតតូចមួយគ្រឿង ទៅកាន់ភពព្រះអង្គារ នៅអំឡុងខែកក្កដា ឆ្នាំ២០២០ បន្ទាប់ពីការបាញ់បង្ហោះ​ដោយជោគជ័យ នូវយានរុករក InSight កាលពី​ដើមខែឧសភា ឆ្នាំ២០១៨។ នេះបើតាម​ការចេញផ្សាយដោយ ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។

យោងតាមសេចក្តី​ប្រកាសក្តៅៗ​របស់អង្គការ NASA ឧទ្ធម្ភាគចក្រ​ដែលគ្រោងនឹង​បាញ់បង្ហោះនៅ​ឆ្នាំ២០២០ ខាងមុខនេះ គឺជាគ្រឿងយន្តហោះ​ហើរ​ខ្នាតតូច ដែលអាច​បណ្តែត​ខ្លួនវានៅក្នុងខ្យល់​អាកាស​របស់ភពអង្គារ ហើយវាក៏​ជាគ្រឿងយន្តក្នុងការធ្វើតេស្ត​ផងដែរថា តើអាចមាន​យន្តហោះណា មានសមត្ថភាពធ្វើការហោះហើរ នៅក្នុងបរិយាកាសភពអង្គារ ដែល​ស្តើងជាង​បរិយាកាសផែនដី​រហូតដល់ទៅជិត ១០០ដងនោះ បានដែរឬទេ។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រកូន​កាត់ខ្នាតតូច​ខាងលើនេះ មានឈ្មោះ​ថា MH (Mars Helicopter) គឺនឹងក្លាយ​ជាជោគជ័យធំ​មួយទៀតរបស់​អង្គការ NASA នៅថ្ងៃអនាគត ដើម្បីធ្វើការសិក្សា​ក្នុងវិធី​ថ្មីប្លែកមិនធ្លាប់​មាន នោះគឺការហោះ​ក្នុង​បរិយាកាស មិនខុសពី​ឧទ្ធម្ភាគចក្រ ឬដ្រូន​ហោះ​នៅក្នុងបរិយាកាស​ផែនដីនោះ​ឡើយ ព្រោះវានឹងអាចចល័ត​ក្នុងខ្យល់​ទៅកាន់តំបន់​​​ផ្សេងៗ ដែលមាន​​ស្ថានភូមិសាស្ត្រ​​លំបាកៗ ដែលយានរុករក​លើដីមិនអាច​ចល័ត​ទៅដល់៕