(គូឡាឡាំពួរ)៖ អតីតនាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) និងភរិយា​លោកស្រី រ៉ូស្មាហ៍ មែនស័រ (Rosmah Mansor) ត្រូវ​បាន​កត់បញ្ចូល​ឈ្មោះ​ទៅក្នុងបញ្ជី​ខ្មៅ (ការហាមឃាត់​ការធ្វើដំណើរ​​ចេញក្រៅប្រទេសជាបណ្តោះ​អាសន្ន) ហើយ​ដោយប្រការនេះ​មានន័យថា លោកនិងក្រុមគ្រួសារ​មិនអាចចាកចេញទៅ​ប្រទេស​ឥណ្ឌូណេស៊ី តាមការគ្រោះទុកនោះ​ឡើយ។ នេះបើតាម​​សេចក្ដីថ្លែងការណ៍​ នៃអាជ្ញាធរ​អន្តោប្រវេសន៍​ម៉ាឡេស៊ី ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters​ នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា​ ឆ្នាំ២០១៨។

សេចក្ដីថ្លែងការណ៍​របស់នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី ត្រូវបានចេញ​ផ្សាយបន្ទាប់​ពីលោក ណាជីប រ៉ាហ្សាក់ បានបង្ហោះ​នៅលើ Facebook ឲ្យដឹងថា លោក និងក្រុមគ្រួសារ​នឹងធ្វើដំណើរកម្សាន្តខ្លីមួយនៅឯក្រៅប្រទេស​ ដោយចាប់ផ្ដើម​ពីថ្ងៃសៅរ៍នេះទៅ ហើយថា​នឹងត្រឡប់មកវិញ​នៅសប្ដាហ៍​ក្រោយ។ បន្ថែមពីលើនេះ បើតាមប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងស្រុក ឈ្មោះរបស់​ លោក ណាជីប និងភរិយា​​ក្នុងនាមជា​អ្នកដំណើរ​​មាននៅក្នុងបញ្ជី​ជើងហោះហើរ ចាកចេញ​ពីអាកាសយានដ្ឋាន​​មួយ​ក្បែរទីក្រុង​គូឡាឡាំពួរ ឆ្ពោះទៅកាន់​ទីក្រុង​ហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី នៅម៉ោង ១០៖០០នាទី​ព្រឹក (ម៉ោង​នៅ​ក្នុងតំបន់)។

លោក ណាជីប ផ្ទាល់ក៏បាន​សរសេរ​នៅ​លើ Twitter ដូច្នេះដែរថា «បន្ទាប់ពី​ចំណាយពេលអស់ ០៤ទសវត្សរ៍ នៅក្នុង​នយោបាយ និងយុទ្ធនាការ​ឃោសនា​បោះឆ្នោត ដែលខ្ញុំផ្ទាល់​មានការ​សោកស្ដាយ ឬ ប្រហែល​ជាការសោកស្ដាយ​ជាខ្លាំងនៅក្នុង​ម៉ាឡេស៊ី ខ្ញុំនឹង សម្រាក​រយៈពេលខ្លី​ ដើម្បីចំណាយពេល​ជាមួយគ្រួសារ​របស់ខ្ញុំដែលខ្ញុំមិន​ បាននៅក្បែរ​ពួកគេគ្រប់គ្រាន់​នារយៈពេល​ប៉ុន្មានឆ្នាំមក នេះ»។

សូមជម្រាបថា លោក ណាជីប បានបាត់បង់​តំណែងជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដោយចាញ់​គូប្រជែងរបស់លោក​គឺលោក មហាធា ម៉ូហាម៉ាដ (Mahathir Mohamad) នៅក្នុងការបោះឆ្នោត​សកលកាលពី​ថ្ងៃទី០៩ ខែឧសភា។ ចំណែកឯ​ សេចក្ដីរាយការណ៍​ថាលោក ណាជីប គ្រោង​ចាកចេញ​ពី​ម៉ាឡេស៊ី កើតឡើង​នៅចំពេល​ដែលនាយរដ្ឋមន្ត្រី​ថ្មី សន្យាថានឹងបើកការស៊ើប​អង្កេតលើសំណុំរឿង​ពុករលួយពាក់ព័ន្ធនឹងមូល​នីតិរដ្ឋ 1Malaysia Development Berhad (1MDB) ដែលលោក ណាជីប ផ្ទាល់​ជាអ្នក​បង្កើត។ លោក ណាជីប ធ្លាប់បដិសេធជាច្រើនដង ថាលោក​បានប្រព្រឹត្ត​កំហុសអ្វីដូចការ​ចោទប្រកាន់​នោះ​ទេ៕