(ប៉េកាំង)៖ កងទ័ពអាកាស​នៃកងទ័ពរំដោះ​ប្រជាជន​ចិន (PLA) នៅថ្ងៃសុក្រ​សប្ដាហ៍នេះ បានដឹកនាំការ​ធ្វើសមយុទ្ធ​ល្បាត នៅក្បែរ​កោះតៃវ៉ាន់ ដែលទីក្រុង​ប៉េកាំង អះអាងថា ជាដែនដី​របស់ខ្លួន​។ ប៉ុន្តែ​សមយុទ្ធនេះ​ទៀត​សោត​ត្រូវបានគេ​មើលឃើញ​ថា ជាសារ​ព្រមានមួយផ្ញើ​ទៅកាន់ទីក្រុង​តៃប៉ិ ឱ្យបំភ្លេច​ចោលគំនិតចង់​បានឯករាជ្យ​ពីចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌​មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨។

យោងតាមអ្នកនាំពាក្យ​កងទ័ពអាកាស PLA លោក ហ្សេន ជីនកេ (Shen Jinke) យន្ដហោះ​ចម្បាំង Su-35 បានធ្វើការហោះ​ហើរពីលើតំបន់ដែន​ទឹក បាហ្ស៊ី (Bashi​) ជាលើកដំបូង​ជាមួយយន្ដហោះ​ទម្លាក់គ្រាប់បែក​ធុន H-6Ks សំដៅបង្កើន​សមត្ថភាពល្បាត​របស់ខ្លួន។ អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា យន្ដហោះ​ប្រកាស​អាសន្ន KJ-2000 និងយន្ដហោះ​ចម្បាំង Su-35 ព្រមទាំង​យន្ដហោះ J-11 និងយន្ដហោះ​ចម្បាំង​ជាច្រើន គ្រឿងផ្សេងទៀត​ក៏បានចូលរួម​​សមយុទ្ធហោះ​ហើរ​​ ពីលើតំបន់​ដែន​ទឹក Bashi និងច្រក​សមុទ្រ មីយ៉ាកុ (Miyako) ផងដែរ។

គួរបញ្ជាក់ថា បើតាម​លោក Shen Jinke យន្ដហោះ​ចម្បាំងខាងលើ នឹងបន្តធ្វើសមយុទ្ធ និងល្បាតនៅក្បែរកោះ​តៃវ៉ាន់ ក្នុងគោលបំណង​បង្កើន​សមត្ថភាព និងទំនុកចិត្ត នៅក្នុងការការពារដែន​អធិបតេយ្យភាព និងបូរណភាព​ទឹកដីចិន៕