(សឹង្ហបុរី)៖ កិច្ចប្រជុំកំពូលដែលនឹងធ្វើឡើង នាពេលខាងមុខនេះ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un នឹងក្លាយជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងសំខាន់បំផុត», នេះបើតាមសម្តី លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី ប្រាប់ទៅកាន់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ  នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃសុក្រនេះ ហើយត្រូវបានចុះផ្សាយឲ្យដឹងដោយសារព័ត៌មាន Channel News Asia នាយប់ថ្ងៃទី១១ ខែឧសភានេះ។

​លោកនាយករដ្ឋមន្ត្រីសឹង្ហបុរី បានឲ្យដឹងថា លោកស្វាគមន៍លោក ដូណាល់ ត្រាំ ចំពោះការមកកាន់សឹង្ហបុរី សម្រាប់កិច្ចប្រជុំកំពូល នៅថ្ងៃទី១២ ខែមិថុនា ហើយលោកថា សឹង្ហបុរី ពិតជាមានកិត្តិយសណាស់ ក្នុងការធ្វើជាម្ចាស់ផ្ទះ ហើយនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីរៀបចំកិច្ចប្រជុំកំពូលនេះឲ្យបានល្អ និងទទួលបានលទ្ធផលជោគជ័យ។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះដែរ លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណ ចំពោះលោក លី នាយករដ្ឋមន្រ្តីសឹង្ហបុរី សម្រាប់ការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ។

​លោក លី ក៏បានអញ្ជើញលោក ដូណាល់ ត្រាំ ឲ្យធ្វើដំណើរទស្សនៈកិច្ច មកកាន់សឹង្ហបុរីម្តងទៀត នៅខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្រាប់បំពេញទស្សនកិច្ចជាផ្លូវការ ដោយដំណើរ ទស្សនកិច្ចនេះ នឹងស្របពេលដែលមានកិច្ចប្រជុំកំពូល លើកទី៦ អាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលលើកទី១៣ អាស៊ីខាងកើត៕