(ហុងកុង)៖ នាថ្ងៃសុក្រនេះ ការដោះគ្រាប់បែកធុនធំមួយគ្រាប់ ដែលបានបន្សល់ទុក​​តាំងពីសម័យ​សង្រ្គាមលោកលើកទីពីរ នៅ​ឯ​ការ​ដ្ឋាន​មួយ​កន្លែង ក្នុងតំបន់រដ្ឋាភិបាលពិសេសហុងកុង នៃប្រទេសចិន ទើបតែបានបញ្ចប់ទៅ ក្រោយពីអាជ្ញាធរហុងកុង បានចំណាយពេល​ធ្វើ ប្រតិបត្តិ​ការ​ប្រមាណ​ជា​២០ម៉ោងមក ហើយវាគឺជាលើកទីបីហើយ ដែលគ្រាប់បែកបែបនេះ ត្រូវបានប្រទះឃើញនៅហ្នឹងកន្លែងតែមួយ​ នៅ​ឆ្នាំ២០១៨នេះ។ នេះបើតាមការដកស្រង់ការផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃ​សុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។​

គ្រាប់ខាងលើនេះ ត្រូវបានគេរកឃើញនាវេលាម៉ោង០៤៖៣០នាទីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅឯការដ្ឋានមួយកន្លែង ក្នុងទីប្រជុំជននៃ​ទីក្រុងហុងកុង។ ភ្លាមៗ ផ្លូវថ្នល់និងអគារនានា ដែលស្ថិតនៅជុំវិញបរិវេណនោះ ត្រូវបានបិទហើយមនុស្សត្រូវបានជម្លៀសខ្លួនចេញ ខណៈ​ក្រុមមន្រ្តីជំនាញខាងដោះគ្រឿងផ្ទុះ​នៃស្ថានីយប៉ូលិសហុងកុង ត្រូវបានបញ្ជូនទៅកាន់ទីតាំងនោះ ដើម្បីចាត់ចែងយុទ្ធភ័ណ្ឌដែលសល់តាំងពី​សម័យសង្រ្គាមនេះ។

ប្រតិបត្តិការដោះគ្រាប់បែក បានបញ្ចប់ទៅនារសៀលថ្ងៃសុក្រនេះ នៅពេលគ្រាប់បែកខាងលើ ដែលផលិតឡើងដោយសហរដ្ឋអាមេ​រិក​និងមានទម្ងន់ប្រហែល៤៥០គីឡូក្រាម ត្រូវបានដោះដោយជោគជ័យ។

គួរជម្រាបថា នេះគឺជាលើកទីមួយហើយ នៅក្នុងអំឡុងពេល០៦ខែដំបូង នៃឆ្នាំ២០១៨នេះ ដែលគ្រឿងផ្ទុះដ៏គ្រោះថ្នាក់ ត្រូវបានរកឃើញ​នៅកន្លែងតែមួយដូចគ្នា ជាទីដែលការងារសាងសង់ផ្លូវដែកមួយខ្សែរ ពុងប្រព្រឹត្តទៅ។ កាលពីខែមករាកន្លងទៅ គ្រឿងគ្រាប់បែកមិនទាន់​ផ្ទុះកាលពីសម័យសង្រ្គាមលោកលើកទីពីរចំនួន០២គ្រាប់ ដែលមានប្រភេទដូចគ្នា ត្រូវបានគេរកឃើញនៅការដ្ឋានខាងលើ និង​ត្រូវ​បាន​ដោះ​ដោយជោគជ័យដោយកម្លាំងជំនាញនៃទីក្រុងហុងកុង៕