(ប៉ារីស)៖ រដ្ឋាភិបាលបារាំង នៅថ្ងៃសុក្រនេះ បានថ្កោលទោសលើសហរដ្ឋអាមេរិក សម្រាប់ការដាក់ទណ្ឌកម្មឯតោភាគីជាថ្មីប្រឆាំងនឹង ជនជាតិអ៊ីរ៉ង់ រួមទាំងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់។ ទីក្រុងប៉ារីសចាត់ទុកថានេះគឺជាទង្វើមិនអាចទទួលយក បាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC​ នៅថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

ប្រតិកម្មរបស់បារាំង កើតមានឡើង បន្ទាប់ពីក្រសួងរតនាគារជាតិអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើមនុស្ស០៦នាក់ និងក្រុមហ៊ុន ចំនួន០៣ ដែលមានទំនាក់ទំនង និងផ្ដល់លុយកាក់ ដល់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។ «របបដឹកនាំអ៊ីរ៉ង់ និងធនាគារកណ្ដាល របស់ពួកគេបានរំលោភបំពានតាមរយៈការដំណើរការណ៍អង្គភាពមួយចំនួន នៅក្នុងប្រទេសអេមីរ៉ាត អារ៉ាប់រួម ដើម្បីប្រមូលប្រាក់ ដុល្លារអាមេរិក យកទៅផ្គត់ផ្គង់ដល់ IRGC ឱ្យប្រព្រឹត្តទង្វើផ្ទុយទៅនឹងច្បាប់ក្នុងនោះមានដូចជាការផ្ដល់មូលនិធិ និងអាវុធដល់ក្រុម ប្រដាប់អាវុធរបស់ពួកគេនៅក្នុងតំបន់»។ នេះបើតាមរដ្ឋមន្ត្រីរតនាគារជាតិអាមេរិក លោក Steven Mnuchin។ មួយវិញទៀត បើទោះជា ក្រសួងរតនាគារជាតិអាមេរិក មិនបានបញ្ជាក់ឈ្មោះអ្នកជាប់ទណ្ឌកម្មនេះក៏ដោយ ប៉ុន្តែបានអះអាងថាអ្នកទាំងនោះសុទ្ធតែ ជនជាតិអ៊ីរ៉ង់ទាំងអស់។

តែទោះជាយ៉ាងនេះក្ដី ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានបារាំង Le Parisien នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានអះអាងថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន គឺជារឿងមិនអាចទទួលបាន។ លោក Le Drian គូសបញ្ជាក់ដូច្នេះថា៖« យើងយល់វិធានការដាក់ទណ្ឌកម្មរបស់ពួកគេ (សហរដ្ឋអាមេរិក) ជារឿងមិនអាចទទួលបាន។ រីឯ បណ្ដាក្រុមហ៊ុនអឺរ៉ុប ក៏មិនគួរត្រូវចំណាយអ្វី ដោយសារតែការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងដែលពួកគេខ្លួនឯង ជាអ្នកចូលរួមចំណែកដែរនោះទេ»។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដកទីក្រុងវ៉ាស៊ីនតោន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចប្រាំបូក មួយ (សហរដ្ឋអាមេរិក ចិន បារាំង រុស្ស៊ី អង់គ្លេស​ និងអាល្លឺម៉ង់)។ ប៉ុន្តែ ទោះជាអាមេរិកដកខ្លួន បារាំង អង់គ្លេស និងអាល្លឺម៉ង់ បាននិយាយ ថាពួកគេនឹងព្យាយាមធ្វើការជាមួយអ៊ីរ៉ង់​ ដើម្បីសង្រ្គោះកិច្ចព្រមព្រៀងនេះឡើងវិញ៕