(អាមេរិក)៖ អភិបាលរដ្ឋហាវៃលោក David Ige បានស្នើទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យប្រកាស State of Disaster ​(ដើម្បីអាចទទួលបានជំនួយពីរដ្ឋាភិបាល) សម្រាប់កោះដ៏ធំនៅលើមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ ដោយ​សារ​តែ​សកម្ម​ភាព​ភ្នំ​ភ្លើង​យ៉ាង​ខ្លាំង​ក្លា។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

Kilauea ដែលជាភ្នំភ្លើងដ៏សកម្មបំផុតមួយនៅលើពិភពលោក បាននិងកំពុងបន្តជះកម្អែលភ្លើង​ចេញមកក្រៅអស់រយៈពេលប្រមាណជា​មួយ​សប្តាហ៍មកហើយ ដោយនាពេលកន្លងទៅនេះផ្លូវថ្នល់ ទ្រព្យសម្បត្តិសាធារណៈ និងលំនៅឋានជាច្រើនខ្នង ត្រូវបានបំផ្លិចបំផ្លាញ ប៉ុន្តែ​មិន​​មានមនុស្សបានរងគ្រោះដោយសារគ្រោះធម្មជាតិនេះទេ។ ជាមួយ​​គ្នា​​នេះ លោកអភិបាលរដ្ឋហាវៃ ក៏បាន​ដាក់​សំណើ​សុំ​ឲ្យ​មាន​ការ​ជួយ​ដោយ​ផ្ទាល់​ពី​រដ្ឋា​ភិបាល​សហ​ព័ន្ធ​ផងដែរ ពីព្រោះថាការជម្លៀសខ្លួនទ្រង់​ទ្រាយ​​ធំ​​​ដទៃទៀត អាចនឹងត្រូវកើតមានឡើង។

គួរជម្រាបថា បើតាមក្រុមអ្នកជំនាញ ភ្នំភ្លើង Kilauea អាចនឹងបញ្ចេញផ្សែងពុលព្រមទាំងបំណែកដុំថ្មធំៗ ចេញ​ពីមាត់​របស់​វា​ទៅ​លើ​តំបន់​នៅ​​ក្បែរ​នោះ​ ហើយបង្កជាហានិភ័យធ្ងន់ធ្ងរផងដែរ៕