(បរទេស)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ បានប្រកាសដក​ខ្លួនចេញពីផែនការ​សកម្មភាព JCPOA កាលពីល្ងាច​ថ្ងៃអង្គារកន្លង​ទៅនេះ ដោយមិនបាន​ផ្តល់ជម្រើស​កិច្ចព្រមព្រៀងណាមួយ​ផ្សេងទៀត ដើម្បីទប់ស្កាត់​អាវុធ​នុយក្លេអ៊ែរ ជាថ្នូរនឹងការលុប​បំបាត់ការដាក់​ទណ្ឌកម្មលើ​ប្រទេស អ៊ីរ៉ង់​ឡើយ។

រំឮកដល់កិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាច ០៦ប្រទេស ផ្សេងទៀត មានប្រទេស​ចិន រុស្ស៊ី បារាំង អង់គ្លេស អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក ដែលជា​ប្រទេស ហត្ថលេខី។ ប៉ុន្តែលោក ដូណាល់ ត្រាំ បានរិះគន់ថា «នេះជាកិច្ច​ព្រមព្រៀង​ដែលអនុវត្តន៍​ដោយភាគី​តែម្ខាង​ប៉ុណ្ណោះ» វាមិនអាច​ដោះស្រាយ​វិបត្តិមីស៊ីល សកម្មភាព​នុយក្លេអ៊ែរ​ក្នុងឆ្នាំ២០២៥​ ខាងមុខ ឬតួនាទីរបស់អ៊ីរ៉ង់​នៅក្នុងជម្លោះ​ក្នុងតំបន់​ឡើយ។

លោកបាន​ប្រកាសថា ទណ្ឌកម្មហិរញ្ញវត្ថុ​ទាំងអស់​របស់សហរដ្ឋអាមេរិច ដែលធ្លាប់​ដាក់លើ​ប្រទេស​អ៊ីរ៉ង់ តែត្រូវបានដក​ហូតក្រោមកិច្ច​ព្រមព្រៀង JCPOA នឹងត្រូវបាន​អនុវត្តន៍​វិញជាថ្មីជា​ដាច់​ខាត។ ការធ្វើ​បែបនេះ ដោយសារប្រធានាធិបតី​អាមេរិករូប​នេះ​ជឿជាក់ថា សម្ពាធសេដ្ឋកិច្ច​នឹងបង្ខំឱ្យ​ប្រទេស​អ៊ីរ៉ង់ វិលមកចរចា​ឡើងវិញដើម្បី​កំណត់លក្ខខណ្ឌ​ នៃកិច្ចព្រមព្រៀង​នេះ​ជាថ្មី យ៉ាងនេះក្តី​រដ្ឋាភិបាល​ក្រុង​តេអេរ៉ង់ នៅតែ​ទទូចថា ខ្លួនច្បាស់ជា​មិនវិលមកចរចា​ជាថ្មីជាដាច់​ខាត។

ក្រុមអ្នករិះគន់​បានព្រមានថា ការរំលោភលើកិច្ចព្រមព្រៀងពហុភាគីបែបនេះ នឹងធ្វើឱ្យមនុស្សបាត់បង់ទំនុកចិត្តលើអាមេរិក និងបង្កអស្ថិរភាព​បន្ថែមទៀត​នៅមជ្ឈិមបូព៌ា។ មិនត្រឹមតែប៉ុណ្ណោះ ការដកខ្លួនរបស់​សហរដ្ឋអាមេរិក បានបង្កផលខាតបង់មួយចំនួនទៀតដូចជា៖

១៖ សហរដ្ឋអាមេរិក​អាចប្រឈមមុខ​នឹងភាពឯកា

លោក ត្រាំ មិនបានគិត​ដល់ទេថា ការដកខ្លួន​ចេញពី JCPOA ប្រៀបបាន​នឹងការ​ប្រឆាំង បំណងប្រាថ្នា​របស់ប្រទេស​ហត្ថលេខី​ដទៃទៀត ព្រមទាំង​ប្រឆាំងនឹងដំបូន្មាន​ពីសម្ព័ន្ធមិត្ត​ជាច្រើ​ន​ផ្សេង​ទៀត។ ច្បាស់ណាស់ថា វាបានធ្វើឱ្យអ៊ីស្រាអែល​អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់អេមីរ៉ាតអារ៉ាប់ រួម​មានការសប្បាយរីករាយ ផ្ទុយទៅវិញ​វានឹងធ្វើឱ្យ​សម្ព័ន្ធមិត្តដ៏យូរអង្វែង​របស់អាមេរិក ​នៅអឺរ៉ុប​មានភាពស្រងាក​ចិត្ត។

ការផ្លាស់ប្តូរឥរិយាបទ​របស់អាមេរិក នឹងបង្កផលប៉ះពាល់​ដល់ទំនាក់ទំនង​ជាមួយ អង់គ្លេស់ បារាំង និងអាឡឺម៉ង់។ អតីតប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ​កន្លងទៅនេះ បានព្រមានថា «ការបំពាន​លើកិច្ចព្រមព្រៀង​ ដែលមាន​សហរដ្ឋអាមេរិក​ជាសមាជិក ធ្វើឱ្យអាមេរិក​ប្រឈមមុខ​នឹងការបាត់បង់​ជំនឿចិត្ត និងមានភាព​ដាច់ឆ្ងាយពីមហាអំណាច​របស់​ពិភពលោក»

លោក រួហានី (Rouhani) ដែលជាអ្នកចុះកិច្ច​ព្រមព្រៀង​ឆ្នាំ២០១៥ ធ្លាប់មានបំណង​ចង់បើកចំហ ចំពោះប្រទេស​លោកខាងលិច ដើម្បីជំរុញ​សេដ្ឋកិច្ច​អ៊ីរ៉ង់។ ជាអកុសល្យ​ការខ្លួនរបស់​សហរដ្ឋអាមេរិក វានឹងបង្ក​ឱ្យប្រទេស អ៊ីរ៉ង់ រឹងរូសកាន់តែខ្លាំង ជាពិសេស​ប្រសិនបើការដាក់​ទណ្ឌកម្ម ត្រូវបានអនុវត្ត​យ៉ាងតឹងរ៉ឹង ចំពោះការនាំ​ចេញប្រេង​របស់​អ៊ីរ៉ង់។

ជាងនេះទៅ​ទៀតនោះ លោក ដូណាល់ ត្រាំ ធ្លាប់បាន​ព្រមានថា ប្រជាជន អ៊ីរ៉ង់សម​នឹងទទួលបាន​ភាពល្អប្រសើរ​ ជាងរបបផ្តាច់ការ​នាពេល​បច្ចុប្បន្ន វាក៏បង្កើនការ​សង្ស័យក្នុង​ចំណោមប្រជាពលរដ្ឋ​អ៊ីរ៉ង់ថា អាមេរិក​កំពុងមាន​បំណងចង់ធ្វើ​អន្តរាគមន៍​ ដើម្បីផ្លាស់ប្តូរ​របបដឹកនាំ​របស់រដ្ឋាភិបាល​ក្រុង តេហេរ៉ង់​ផងដែរ។ ហេតុនេះ អ៊ីរ៉ង់​បានធ្វើយុទ្ធនាការ​ប្រឆាំងនឹង​កិច្ចព្រមព្រៀង JCPOA ព្រមទាំងងាក​ទៅស្ដារ​កម្មវិធីនុយក្លេអ៊ែរ​របស់ខ្លួន​ឡើងវិញ​ ក៏អាចថាបាន។

២៖ តម្លៃប្រេងនឹងកើនឡើង

ការបង្កើនការ​ដាក់ទណ្ឌកម្ម​ជាថ្មី ថ្វីត្បិតវាបង្ក​ឱ្យអ៊ីរ៉ង់​ជួបបញ្ហា​សេដ្ឋកិច្ច ដោយសារ​ពិបាកលក់ប្រេង​ទៅក្រៅប្រទេស​ពិតមែន ប៉ុន្តែទន្ទឹម​នឹងនេះផងដែរ​នោះ វាក៏នឹងបង្កការរំខាន​ដល់ការផ្គត់ផ្គង់​ប្រេង ព្រមទាំងធ្វើ​ឱ្យតម្លៃប្រេងលើ​ពិភពលោក​ឡើងថ្លៃ​ផងដែរ។ យោងតាម​ទីភ្នាក់ងារ Reuters បានឱ្យដឹងថា អ៊ីរ៉ង់បូមប្រេង​ប្រហែល ៣,៨ លានធុង​ក្នុងមួយ​ថ្ងៃ ឬ​ស្មើនឹង​ប្រមាណជា ៤ភាគរយ នៃការផ្គត់ផ្គង់​ទូទាំង​សកល។ ទោះចង់ ឬមិនចង់ តម្លៃប្រេងដាច់ខាត​ត្រូវតែកើន​ឡើង ជាក់ស្តែងក្នុងសប្តាហ៍នេះ តម្លៃប្រេង បានកើន​ឡើងរួចទៅ​ហើយ ដោយសារតែភាព​មិនច្បាស់លាស់ ពាក់ព័ន្ធនឹង​កិច្ចព្រមព្រៀង​នេះ។

៣៖ បង្កផលប៉ះពាល់​ដល់កិច្ចចរចា​រវាងអាមេរិក និងកូរ៉េខាងជើង ដែលគ្រោង​នឹងរៀបចំឡើង​ក្នុងពេល​ខាងមុខ

សហរដ្ឋអាមេរិក​មានបំណងចង់វិលត្រឡប់​ទៅរកកិច្ចព្រមព្រៀង ដែល​បានចុះ​ហត្ថលេខា​កាលពីឆ្នាំ២០១៥ កន្លង​ទៅនេះ ដែលក្នុងកិច្ច​ព្រមព្រៀងនេះ បានទាមទារ​ការសង្កេត​តាមដាន​យ៉ាងហ្មត់ចត់​ ទៅលើកម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង ប៉ុន្តែកុំភ្លេចថា វាទាមទារឱ្យ​មានការអង្កេតតាមដាន​យ៉ាងតឹងតែង ទៅលើរដ្ឋាភិបាល​ទីក្រុងព្យុងយ៉ាង​ផងដែរ។

តើនឹងមាន​រឿងអ្វីកើត​ឡើង ប្រសិនបើរឿងនេះ​កើតឡើងស្របពេលដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក គ្រោងនឹងជួប​ជាមួយមេដឹកនាំកូរ៉េខាងជើង​ គីម ជុងអ៊ុន ក្នុងពេល​ឆាប់ៗនេះ ដើម្បីពិភាក្សា​អំពីការលុបបំបាត់​អាវុធនុយក្លេអ៊ែរ នៅលើ​ឧបទ្វីប​កូរ៉េនោះ? ស្រួល​មិនស្រួល មេដឹកនាំ​កូរ៉េខាងជើង អាចនឹងលុបចោល​កិច្ចចរចានេះ ប្រសិនបើ​អាមេរិក ងាកទៅរកវិធាន​ការ​ឆ្នាំ២០១៥ ជាថ្មី។

៤៖ អាមេរិកនឹង​បាត់បង់ទាំងកិច្ចព្រមព្រៀងពីមុន ហើយពិបាករកឱកាស​ក្នុងការបង្កើតកិច្ច​ព្រមព្រៀងថ្មី​ជាមួយអ៊ីរ៉ង់

គោលដៅរបស់​លោក ត្រាំ ដែលដកខ្លួនចេញពី​កិច្ចព្រមព្រងនេះ ហើយបង្កើន​ទណ្ឌកម្ម​ជាថ្មី គឹដើម្បីចង់អូស​ទាញអ៊ីរ៉ង់ឲ្យវិលមករក​កិច្ចចរចាជាថ្មី ក្នុងបំណងបង្ខំ​ឱ្យមានកិច្ចព្រមព្រៀង​ ដែលទូលំទូលាយ​ជាងកិច្ច​ព្រមព្រៀង JCPOA ។ លោកមាន​ជំនឿបែបនេះ បន្ទាប់ពីទទួល​បានជោគជ័យ​ ក្នុងទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង។
ប៉ុន្តែប្រធានាធិបតី​បារាំង លោក Emmanuel Macron បានផ្ដល់​យោបល់ថា អ៊ីរ៉ង់ ហាក់​បង្ហាញថា គ្មានបំណងចង់​ធ្វើកិច្ចចរចា​ជាថ្មីឡើយ ថែមទាំងបាន​ចោទប្រកាន់​អាមេរិកថា បានល្មើសច្បាប់ ព្រមទាំងបង្កផលប៉ះពាល់ដល់​កិច្ចព្រមព្រៀង​អន្តរជាតិ​ផងដែរ។

៥៖ បង្កអស្ថិរភាព​ក្នុងតំបន់

យើងដឹង​ហើយថា អ៊ីរ៉ង់ និងអ៊ីស្រាអែល កំពុងប្រឆាំងគ្នា​លើវិបត្តិនៅស៊ីរី។ រដ្ឋមន្ត្រី​ការបរទេស អង់គ្លេស លោក បូរិស ចនសុន (Boris Johnson) បានព្រមានថា ការដកខ្លួន​របស់​សហរដ្ឋអាមេរិក អាចបង្កឱ្យ​មានគ្រោះថ្នាក់​ដ៏ធំមួយផ្ទុះ​ឡើងក្នុង​តំបន់។

ដូចគ្នាផងដែរ លោក ចេក សូលីវាន( Jake Sullivan) មន្ត្រីទូតអាមេរិក​មួយរូប ដែលមាន​ពាក់ព័ន្ធនឹងកិច្ច​ព្រមព្រៀង JCPOA បានប្រាប់​សារព័ត៌មាន Financial Times ថា ការសម្រេចចិត្តរបស់លោក ត្រាំ ប្រៀបបាននឹង​ការជំរុញ​ប្រទេស​អ៊ីរ៉ង់ ឱ្យវិលត្រឡប់​ទៅរកកម្មវិធី​នុយក្លេអ៊ែររបស់​ខ្លួនវិញ ហើយបង្កើនហានិភ័យ​នៃការប្រឈមមុខគ្នា​ក្នុងតំបន់ រវាងប្រទេស អ៊ីរ៉ង់ អ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ផងដែរ។ លោកបាន​មាន​ប្រសាសន៍ថា «ក្នុងស្ថានភាព​បច្ចុប្បន្ននេះ​មិនថា សហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តហាក់គ្មាន​ភាគីណាមួយ​​មានយុទ្ធសាស្ត្រច្បាស់លាស់​​ឡើយលើ​បញ្ហានេះ»

បកប្រែ និង​សម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ វែបសាយ​ព័ត៌មាន​រដ្ឋចិន CGTN