(ហ្សាការតា)៖ ភ្នំភ្លើង​ម៉ឺរ៉ាពី (Merapi) ស្ថិតនៅ​ទីក្រុង យុកយ៉ាការតា (Yogyakarta) ភាគកណ្តាល​​កោះជ្វា (Java) នៃប្រទេស​​ឥណ្ឌូណេស៊ី​នោះ បានផ្ទុះឡើង​​ជាថ្មីទៀតហើយ​នៅព្រឹក​ថ្ងៃសុក្រនេះ ដោយបានបង្ខំ​​ឲ្យប្រជាជន​ជា​ច្រើននាក់ ត្រូវជម្លៀស​ខ្លួន​ទៅ​រកកន្លែង​មាន​សុវត្ថិភាព។ នេះបើ​តាមការ​​ចេញផ្សាយ​​ដោយ ទីភ្នាក់ងារ​​ព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​​ថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

ភ្នំភ្លើងដែលកំពុង​ពុះកញ្ជ្រោលខាង​លើនេះ ស្ថិតនៅតំបន់​ព្រំដែនបីស្រុកគឺ ក្លាទែន (Klaten), ម៉ាឡេឡេង (Magelang) និង បូយ៉ូឡាលី (Boyolali) ដោយវាបាន​ផ្ទុះឡើងកាល​ពី​វេលាម៉ោង ៧៖៣០នាទី​ព្រឹក​​ថ្ងៃសុក្រនេះ (ម៉ោងនៅ​ហ្សាការតា) និង​បានជះ​កម្អែលផេះឡើង​លើផ្ទៃអាកាស ក្នុងរយៈកម្ពស់ប្រមាណ ៥,៥០០ម៉ែត្រ តែមិនបាន​បង្កគ្រោះថ្នាក់​ដល់ជីវិតមនុស្ស​នោះឡើយ គិតមក​ទល់នឹង​រសៀល​ថ្ងៃ​ដដែល​​នេះ។

គួរបញ្ជាក់ថា កម្ទេចកម្ទី​នៃធូលីផេះផង់ បានចាប់ផ្តើមធ្លាក់លើទីក្រុង Yogyakarta ភាគកណ្តាល​កោះជ្វា ហើយនៅតំបន់​ភាគខាងត្បូងភ្នំភ្លើងនេះ ត្រូវបានអាជ្ញាធរ​ប្រកាសឲ្យ​ប្រជាជនជម្លៀសចេញ ព្រោះវាជាកន្លែង​ដែលនឹងមានផេះធ្លាក់គ្របដណ្តប់​​ច្រើនជាងគេ ដោយសារស្ថិតនៅ​ក្រោមខ្យល់។ បន្ថែមពីនេះក្រុម​មន្ត្រីសង្គ្រោះ​បន្ទាន់ថ្នាក់ជាតិ បានស្នើ​ឲ្យប្រជាជន​​នៅទីនោះ​ពាក់ម៉ាស់បិទមុខ ដើម្បីការពារ​ធូលីឲ្យបាន​ត្រឹមត្រូវ៕