(ស៊ីដនី)៖ មនុស្ស ០៧នាក់បានបាត់បង់ជីវិត ក្នុងនោះមាន​កុមារចំនួន​ ០៤នាក់ ដោយសារ​ហេតុការណ៍​បាញ់ប្រហារនាពេល​ទាបភ្លឺថ្ងៃសុក្រនេះ​ (ពេលវេលា​នៅទីក្រុងស៊ីដនី) នៅក្បែរ​តំបន់ទន្លេ ម៉ាហ្គារ៉េត (Margaret) ចម្ងាយ​ប្រហែល ២៧០គីឡូម៉ែត្រ​ពីទីក្រុង ភើត (Perth) ក្នុងរដ្ឋភាគខាងលិចអូស្រ្តាលី​។ នេះ​បើ​តាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

ស្នងការ​ប៉ូលិសរដ្ឋនៃភាគខាងលិចអូស្ត្រាលី (Western Australia) លោក គ្រីស ដរសុន (Chris Dawson) បាន​និយាយថា ​កម្លាំងប៉ូលិស ត្រូវបានបញ្ជាឲ្យទៅកាន់​លំនៅឋានមួយ​កន្លែង​​ ក្នុងក្រុងតូចមួយមានឈ្មោះថា អូស្មីងតុន (Osmington) នាវេលា​ម៉ោង ០៥៖១៥នាទី​ព្រឹកថ្ងៃ​សុក្រនេះ ហើយក៏បាន​ជួបប្រទះទិដ្ឋភាព​ដ៏រន្ធត់ខាងលើ ដោយ​​សាកសព​កុមារចំនួន ០៤នាក់ និងមនុស្ស​ពេញវ័យ ០៣នាក់ ត្រូវបានរក​ឃើញនៅ​ទីនោះ។

គួរជម្រាបថា បើតាម​លោក Dawson ស្លាកស្នាម​នៅលើខ្លួនប្រាណ​របស់ជនរងគ្រោះ​ទាំងអស់ គឺជាស្នាមគ្រាប់​កាំភ្លើង ហើយ​អាវុធពីរដើម​​ត្រូវ​បានអាជ្ញាធររក​ឃើញ​ នៅហ្នឹងកន្លែង​កើត​ហេតុ។ ជាមួយ​គ្នានេះ ប៉ូលិសក៏បាន​បញ្ជាក់​ផងដែរថា ពួកគេពុំមានការ​តាមស្វែងរកជន​​សង្ស័យឡើយ ដោយ​ក្រុមមន្រ្តីជំនាញ​ខាងស៊ើប​អង្កេត​បានឲ្យដឹងថា ហេតុការណ៍​សោកនាដកម្ម​នេះ ទំនងជាករណីឃាតកម្ម​​ និងធ្វើ​អត្ត​ឃាត​​ខ្លួនឯង​តាម​ក្រោយ៕