(ឡូស​អាន់ជែឡេស)៖ មហាសេដ្ឋីកាស៊ីណូ​អាមេរិក លោក សេលដុន អាឌែលសុន (Sheldon Adelson) បានផ្ដល់​ប្រាក់ ៣០លានដុល្លារ ដល់មូលនិធិ​របស់ គណបក្ស​សាធារណរដ្ឋ (​CLF) ក្នុងគោលបំណង​បង្កើនកិច្ចខំប្រឹងប្រែង​ ធ្វើយ៉ាងណាឱ្យ​គណបក្សមួយនេះ​ រក្សាសំឡេង​ភាគច្រើន នៅក្នុងការបោះឆ្នោត​សភាពាក់កណ្ដាល​អាណត្តិ នៅខែវិច្ឆិកា​ខាងមុខនេះ។ នេះ​បើតាម Politico ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

​CLF គឺជាគណៈកម្មាធិការ​សកម្មភាពនយោបាយ​ជាន់ខ្ពស់បំផុត ដែលចូលរួមចំណែក​យ៉ាងសកម្ម​ ក្នុងការធានា​សំឡេង​ភាគច្រើន របស់គណបក្សសាធារណរដ្ឋ​នៅក្នុងសភា​តំណាងរាស្ត្រ​អាមេរិក។ យោងតាម​សារព័ត៌មាន Politico អំណោយ ៣០លានដុល្លារ ត្រូវ ប្រគល់ឱ្យ​ប្រធានសភាអាមេរិក​បក្សសាធារណរដ្ឋ​លោក ផូល រីយ៉ាន (Paul Ryan) បន្ទាប់ពីជំនួប​ជាមួយ​លោក Sheldon Adelson ក្នុងទីក្រុង​ឡាស់វែហ្កាស់ កាលពី​សប្ដាហ៍មុន នៅ​ឯសណ្ឋាគារ វេណេទៀន (Venetian Hotel) ដែលជាកម្មសិទ្ធិ​របស់សេដ្ឋីកាស៊ីណូ​អាមេរិក​រូបនេះ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយដែល​លោក Adelson បរិច្ចាគប្រាក់​ឱ្យគណបក្ស​សាធារណរដ្ឋនោះទេ។ ពោលគឺ​លោកក៏ ធ្លាបបានផ្ដល់​មូលនិធិ ១០លានដុល្លារផងដែរ ដល់គណបក្ស​សាធារណរដ្ឋ​កាលពីខែសីហា ឆ្នាំ២០១៦ សម្រាប់ការ​បោះឆ្នោត​ប្រធានា ធិបតីអាមេរិក​ ដែលជួយលោក ដូណាល់ ត្រាំ​ ផ្ដួលលោក​ស្រី ហ៊ីលឡារី គ្លីនតុន មកពីគណបក្ស​ប្រជាធិបតេយ្យបានសម្រេច៕