(ម៉ូស្គូ)៖ ការផ្ទុះឡើងនៃអំពើ​ហិង្សានៅក្នុងតំបន់ ហ្គោឡេន ហេជស៍ (Golan Heights) និងទីក្រុង​ដាម៉ាស់ ប្រទេសស៊ីរី គឺជាសេណារីយ៉ូមួយ​រៀបចំឡើងដោយ​ប្រទេសអ៊ីសាអែល ក្នុងគោលបំណង​ទាញសហរដ្ឋអាមេរិក​ ឱ្យចូលប្រឡូកក្នុង​សង្រ្គាមប្រឆាំងអ៊ីរ៉ង់។ នេះគឺជា​សម្ដីរបស់អ្នក​ជំនាញយុទ្ធសាស្ត្រម្នាក់ ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទ​សម្ភាសន៍​ជាមួយ Sputnik នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ​លោក ម៉ាក ស្លេបូដា (Mark Sleboda) អ្នកជំនាញ​ផ្នែកសន្តិសុខ និងកិច្ច​ការអន្តរជាតិ បាននិយាយថា អំពើហិង្សា​កើតមានឡើងនាពេលថ្មីៗនេះរវាងអ៊ីស្រាអែល និងស៊ីរី បង្ហាញពីចេតនារបស់អ៊ីស្រាអែលចង់ ចាប់ផ្ដើមជម្លោះ​ជាមួយអ៊ីរ៉ង់ និងស្វែងរក​ការគាំទ្រ​ពីសហរដ្ឋអាមេរិក ក្នុងសង្រ្គាម​ទ្រង់ទ្រាយធំ​ជាមួយ​ទីក្រុងតេហេរ៉ង់។ «អ្វីដែល​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក ប៊ិនយ៉ាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)​ ត្រូវការ នោះគឺធ្វើ​យ៉ាងណាទាញ​សហរដ្ឋអាមេរិក ឱ្យធ្វើសង្រ្គាម​ជាមួយ​អ៊ីរ៉ង់»។ នេះបើ​តាមស្តីលោក Sleboda។

អ្នកជំនាញរូបនេះ​បន្ថែមទៀតថា ភា្លមៗក្រោយ​លោក ដូណាល់ ត្រាំ ប្រកាសដក​អាមេរិកចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ថ្ងៃអង្គារ​កន្លងទៅ អ៊ីស្រាអែល​បានដាក់ឱ្យកង​ទ័ពរបស់ខ្លួន ស្ថិតនៅ​សភាប្រុងជើង​ការខ្ពស់​នៅឯតំបន់ Golan Heights ដោយ​បញ្ជាក់ថា អ៊ីរ៉ង់កំពុងបង្កើន​សកម្មភាពមិន​ប្រក្រតីនៅ​ភាគខាងជើង​ប្រទេសស៊ីរី ជាប់ព្រំដែន​ជាមួយ​អ៊ីស្រាអែល។ មិនតែប៉ុណ្ណោះ​កាលពី​ថ្ងៃអង្គារ​ដដែល​នោះ អ៊ីស្រាអែល ក៏បានអះអាង​ដែរថា អ៊ីរ៉ង់ទំនងជា​នឹងអាចដឹកនាំ​ការវាយប្រហារ​ដោយគ្រាប់មីស៊ីល ឬក៏ធ្វើសកម្ម​ភាពយោធា​នៅក្នុង​តំបន់ Golan Heights។ Golan Heights គឺជាតំបន់​មួយដែល​អ៊ីស្រាអែល រឹបអូសពីស៊ីរី​កាលពីឆ្នាំ១៩៦៧ ក្នុង​សង្រ្គាម ០៦ថ្ងៃ។

បន្ទាប់មកទៀត រំលងបានតែប៉ុន្មាន​ម៉ោងក្រោយការប្រកាស​របស់លោក ត្រាំ ទីក្រុង​ដាម៉ាស់ បានចោទកង​កម្លាំងទ័ព​អាកាសអ៊ីសា្រអែលថា​​ បានបាញ់មីស៊ីលរាប់សិបគ្រាប់​លើតំបន់ អាល់គីស្វាហ៍ (al-Kiswah) ស្ថិតនៅភាគខាងត្បូង​​រដ្ឋធានី​នៃប្រទេសស៊ីរី។ ចំណែកឯ​ប្រព័ន្ធ ផ្សព្វផ្សាយលោកខាងលិចនំាគ្នារាយការណ៍ថា ការវាយប្រហារ​របស់អ៊ីស្រាអែល​មានគោលដៅ​លើក្បួនរថយន្ដ​ដឹកជញ្ជូន​មួយ របស់​អ៊ីរ៉ង់​នៅលើទឹកដី​ស៊ីរី។

ផ្អែកលើការ​សន្និដ្ឋានទាំងនេះ​ឯង ទើបលោក Mark Sleboda យល់ថា អ្វីដែលកំពុងកើត​ឡើងរវាង​អ៊ីស្រាអែល និងស៊ីរី គឺជាផែនការ រៀបចំឡើង​ដោយអ៊ីស្រាអែល​ ឱ្យអ៊ីរ៉ង់ប្រតិកម្ម​តបតត្រឡប់​វិញ ដើម្បីបានលេស​បង្ករឿង និងអូសទាញ​សហរដ្ឋអាមេរិក​ ឱ្យចូលរួមធ្វើ​សង្រ្គាមជា​មួយអ៊ីរ៉ង់។ ប៉ុន្តែ គេគ្រប់​គ្នាសុទ្ធតែ​ដឹងថា ស៊ីរី និងអ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្ត​ដ៏សំខាន់របស់រុស្ស៊ី​នៅតំបន់​មជ្ឈិមបូព៌ា ដូច្នេះការចង់​អូសសហរដ្ឋអាមេរិក​ ឱ្យចូលរួមក្នុងសង្រ្គាម​ដោយផ្ទាល់​ជាមួយអ៊ីរ៉ង់ មិនមែនជារឿង​ងាយ​នោះទេ ដ្បិតអាមេរិកមិន​ចង់ប្រឈមមុខ ដោយផ្ទាល់​ជាមួយ​រុស្ស៊ី។

តែយ៉ាងណា​ក៏ដោយ បើមិនអាចធ្វើសង្រ្គាម​ដោយផ្ទាល់​ជាមួយអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល​អាចនៅមានជម្រើស​ផ្សេងទៀត នោះគឺបន្ត​បើកការវាយប្រហារ​តាមផ្លូវអាកាស​ លើក្រុមអ្នក​ប្រយុទ្ធ​អ៊ីរ៉ង់ និងក្រុមឧទ្ទាម​ហេសប៊ូលឡា​នៅក្នុងប្រទេស​ស៊ីរី រីឯអ្នករង គ្រោះពិតប្រាកដ​នៅតែជាប្រជាជន​ស្លូតត្រង់ស៊ីរី។ គួរបញ្ជាក់ថា អ៊ីស្រាអែល ធ្លាប់អះអាងថា ខ្លួនបានដឹកនាំ​ការវាយប្រហារ​តាមផ្លូវ​អាកាសនៅស៊ីរី​ច្រើនជាង ១០០លើក គិតចាប់តាំង​ពីសង្រ្គាមស៊ីរី​ផ្ទុះឡើង កាលពី​ឆ្នាំ២០១១មក៕